Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្រាស្វាយ ស្រាចេក ស្រាដំឡូងមី និងស្រាអង្ករបស់ខ្មែរ ឈ្នះមេដាយមាសនិងផ្លាកទីនពីបារាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ សុរាខ្មែរ)

ភ្នំពេញ៖ បន្ទាប់ពីសុរាខ្មែរ៥ប្រភេទរួមមាន៖ ស្រាអង្ករម្លិះ ស្រាស្វាយ ស្រាចេក ស្រាដំឡូងពណ៌ស និងស្រាដំឡូងពណ៌ក្រហម ត្រូវបាននាំយកទៅប្រកួតនៅក្នុងកម្មវិធី Kura Master Competition 2023 ក្នុងនោះសុរាខ្មែរដែលជាប់ចំណាត់ថ្នាក់កម្រិតខ្ពស់ Jury Prizes មានចំនួន២ ដូចជា ស្រាដំឡូងស និងស្រាចេក ខណៈស្រាស្វាយទទួលបានមេដាយមាស ហើយស្រាអង្ករទទួលបានមេដាយផ្លាកទីន។

កាលពីពេលថ្មីកន្លងទៅស្រាផលិតពីផ្លែឈើរបស់កូនខ្មែរមួយរូបបានឈ្នះមេដាយមាស និង ផ្លាកទីនពីប្រទេសបារាំង ក្នុងកម្មវិធីប្រកួតលើកទី7 នៃ Kura Master ដែលមានស្រាចូលរូមប្រកួតសរុប ១,៣៧៩ដបមកពីក្រុមហ៊ុនបិតស្រាចំនួន ៥០៣ ក្រុមហ៊ុនរួមទាំងកម្ពុជាផងដែរ។

បើតាមលោក ហុង សុខមាន តំណាងសិប្បកម្មសុរាខ្មែររបស់លោក Tayakama បានឱ្យដឹងថា សុរាខ្មែរមានការគាំទ្រយ៉ាងខ្លាំងពីបរទេស នៅក្នុងឱកាសចូលរួមពិពរណ៍នៅក្រុងលីយ៉ុង ប្រទេសបារាំង (Sirha-Lyon expo 2023) កាលពីថ្ងៃទី១៩ និងថ្ងៃទី២៣ ខែមករា ២០២៣កន្លងទៅ ហើយជនបរទេសទាំងនោះបានជំរុញឱ្យសុរាខ្មែរចូលរួមការប្រកួត Kura Master Competition 2023 ។

លោកបន្តថា ក្រោយទទួលបានការជម្រុញចិត្តបែបនេះ លោកក៏បានពិចារណា និងសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតតែម្តង ដោយបានចុះឈ្មោះស្រា៥ប្រភេទរួមមាន ៖ ស្រាអង្ករម្លិះ ស្រាស្វាយ ស្រាចេក ស្រាដំឡូងពណ៌ស និងស្រាដំឡូងពណ៌ក្រហម។ ជាលទ្ធផល ក្រោយចប់ការប្រកួតសុរាខ្មែរបានទទួលចំណាត់ ថ្នាក់ល្អជាទីគាប់ប្រសើរ ដោយប្រភេទស្រាដែលជាប់ចំណាត់ថ្នាក់កម្រិតខ្ពស់ Jury Prizes ចំនួន២ មាន ស្រាដំឡូងស និង ស្រាចេក ស្រាស្វាយទទួលបានមេដាយមាស ឯស្រាអង្ករទទួលបានមេដាយផ្លាកទីន ។

គួរបញ្ជាក់ថា សិប្បកម្មសុរាខ្មែរ មានទីតាំងស្ថិតនៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង សិប្បកម្មនេះអាចកែច្នៃផលកសិកម្មរបស់ប្រជាកសិករខ្មែរជាទូទៅមានដូចជា ចេក ស្វាយ និងខ្នុរ ទៅជាស្រា និងអាចនាំចេញទៅក្រៅប្រទេសទៀតផង។ សិប្បកម្មនេះកើតចេញពីគម្រោងដោះមីន ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលជប៉ុន សហការជាមួយអង្គភាពស៊ីម៉ាក់ ហើយលោក Tayakama ដែលជាប្រធានក្រុមបច្ចេកទេសដោះមីនជនជាតិជប៉ុននាពេលនោះ ក៏ផ្តួចផ្តើមគំនិតកែច្នៃទិន្នផលក្នុងសហគមន៍ទៅជាស្រា ដោយលោកផ្តើមពីការសាកល្បងកែច្នៃទិន្នផលដំឡូងទៅជាស្រាដំបូងក៏ទទួលបានជោគជ័យ និងផ្តើមបង្កើតក្រុមហ៊ុនតែម្តង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង