
ភ្នំពេញ៖ អ្នកជំនាញដែលធ្វើការងារក្នុងវិស័យនាំចេញ បានបង្ហាញក្តីរំពឹងថា ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា អាចនឹងមានកំណើននាំចេញទៅទីផ្សារក្រៅប្រទេសវិញនៅឆមាសទី២ឆ្នាំ២០២៣។ ក្តីរំពឹងនេះ កើតមានខណៈក្នុងរយៈពេល៦ខែនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនជាច្រើននៅកម្ពុជា ក្នុងនោះក៏មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរជាច្រើន។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនាដើមឆ្នាំ២០២៣ មានការធ្លាក់ចុះបើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ប៉ុន្តែនៅសល់រយៈពេល៦ខែចុងក្រោយទៀតគឺអាចមានភាពវិជ្ជមាន និងមានការកើនឡើងច្រើន ដោយសារក្នុងរយៈពេល៦ខែនេះ រោងចក្រដែលចូលមកវិនិយោគនៅកម្ពុជាមានច្រើនជាបណ្តើរៗ ដែលអាចធ្វើឱ្យការនាំចេញមានការកើនឡើង។
លោក កាំអ ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានបញ្ជាក់ថា ស្ថានភាពនៃការនាំចេញផលិតផលវាយនភណ្ឌនិងកាត់ដេរនៅឆមាសទី២ឆ្នាំ២០២៣នេះនៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយសារបញ្ហាសេដ្ឋកិច្ចសកលនៅតែបន្តកើតមាននាពេលបច្ចុប្បន្ននេះ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភា មានសុទិដ្ឋិនិយមថា ទោះបីទំនិញនេះជាប្រភេទទំនិញចាំបាច់ដូចស្បៀងអាហារក៏ពិតមែន ក៏ប៉ុន្តែមនុស្សត្រូវការការស្លៀកពាក់លម្អខ្លួនជា ត្រូវការស្បែកជើង កាតាប កាបូបជាដើម និងជាពិសេសការផ្លាស់ប្តូរម៉ូតទាន់សម័យ ដែលជាហេតុធ្វើឱ្យតម្រូវការក្នុងវិស័យកាត់ដេរកើនឡើង។
ជាមួយគ្នានេះ គុណភាពនៃការផលិត និងតម្លៃទំនិញក្នុងវិស័យកាត់ដេរនៅកម្ពុជា មានគុណភាពល្អ តម្លៃសមរម្យ ដែលជាកត្តាសំខាន់មួយទៀតទាក់ទាញដៃគូវិនិយោគឱ្យនាំចូលទំនិញក្នុងវិស័យកាត់ដេរពីកម្ពុជាកាន់តែច្រើន។ លោកបណ្ឌិតជឿជាក់ថា នៅឆមាសទី២ឆ្នាំ២០២៣នេះ ជាពិសេសនៅចុងត្រីមាសទី៤ឆ្នាំនេះ ទំនិញឬផលិតផលក្នុងវិស័យកាត់ដេរនេះនឹងមាកំណើតពិតប្រាកដ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហុង វណ្ណៈ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៣នេះ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង សម្រេចបានជាង ៣,៣០០ លានដុល្លារ ធ្លាក់ចុះជាង១ពាន់លានដុល្លារ ស្មើនឹង២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានតម្លៃជាង ៤,៣០០ លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕