Cctime 6monthsfree desktop
Cc times  web banner kh (2)

ពន្ធដារប្រាប់ពលរដ្ឋឱ្យ«រាយការណ៍»ភ្លាមប្រសិនមានមន្ត្រីចុះពិនិត្យដោយមិនមានលិខិតបេសកកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ច្បាស់ទៅកាន់អ្នកជំនួញអចលនទ្រព្យ ម្ចាស់បុរី ឬម្ចាស់សាងសង់លំនៅឋានសម្រាប់លក់ថា បើមានមន្ត្រីពន្ធដារណាមួយចុះទៅពិនិត្យទីកន្លែងសាងសង់ដោយមិនមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ សូមសហការផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីមានវិធានការតាមផ្លូវច្បាប់។ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់បែបនេះ ក្រោយម្ចាស់បុរី ឬម្ចាស់លំនៅឋានមួយចំនួនមិនយល់ច្បាស់ពីការបង់ពន្ធ និងត្រូវបានខាតបង់ដោយការបង់ពន្ធមិនត្រឹមត្រូវ។

បើតាមសេចក្ដីប្រកាស អគ្គនាយកដ្ឋានពន្ធដារបានធ្វើការបំភ្លឺពាក់ព័ន្ធ ក៏ដូចជាឆ្លើយតបនឹងបញ្ហាពន្ធដារក្នុងវិស័យអចលនទ្រព្យ ដើម្បីចៀសវាងមានការភាន់ច្រឡំអំពីនីតិវិធី និងការអនុវត្តការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសគឺដើម្បីឆ្លើយតបនឹងការលើកឡើងរបស់អ្នកវិភាគសេដ្ឋកិច្ចលើស្ថានភាពអចលនទ្រព្យនៅកម្ពុជាពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងពន្ធដារក្នុងវិស័យអចលនទ្រព្យ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅក្នុងវេទិកាកិច្ចប្រជុំតុមូលស្តីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា បញ្ហាដែលអាជីវករជួបវិបត្តិកន្លងមក គឺរឿងបង់ពន្ធ ដោយមុនពេលបើកកន្លែងសំណង់ អាជីវករទិញដី ហើយទៅជជែកជាមួយអាជ្ញាធរ មុនពេលសុំច្បាប់ត្រឹមត្រូវ។ នៅពេលចាប់ផ្តើមសាងសង់ មន្ត្រីពន្ធដារ ខណ្ឌបានចុះទៅ ហើយអាជីវករបានជូនជាកញ្ចប់មួយចំនួនទៅពន្ធដារខណ្ឌ តែពន្ធធំជាអ្នកត្រូវអនុវត្តច្បាប់នេះ។ អ្នកធ្វើជំនួញមិនបានដឹងថាត្រូវបង់ទៅពន្ធដារខណ្ឌ ឬពន្ធធំទេ ហើយពន្ធដារខណ្ឌក៏មិនបានរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ ឬប្រាប់ទៅអ្នកសាងសង់ទេ ដូច្នេះអ្នកសាងសង់យល់ថា បានជូនកញ្ចប់ទៅពន្ធដារខណ្ឌរួចហើយ អាចចាប់ផ្តើមលក់បានហើយ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានពន្ធដារបានបំភ្លឺថា អនុលោមតាមមាត្រា២០៣ នៃច្បាប់ស្តីពីសារពើពន្ធ បុគ្គលទាំងឡាយត្រូវចុះបញ្ជីនៅរដ្ឋបាល សារពើពន្ធក្នុងអំឡុងពេល១៥ថ្ងៃ ក្រោយបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោយពី ពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ។ រដ្ឋបាលសារពើពន្ធ មានសិទ្ធិចុះបញ្ជីពន្ធដារជាឯកតោភាគី ក្នុងករណីដែលបុគ្គលនោះពុំបានមកចុះបញ្ជី ឬមិនបានមកចុះបញ្ជីតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធ ដោយផ្អែកលើព័ត៌មាន និង ទិន្នន័យដែលរដ្ឋបាលសារពើពន្ធមាន ដើម្បីគ្រប់គ្រងប្រមូលពន្ធពីអាជីវកម្មសាងសង់លំនៅដ្ឋាន សម្រាប់លក់ អគ្គនាយកដ្ឋានពន្ធដារ បានចាត់តាំងមន្ត្រីទទួលបន្ទុកទៅតាមភូមិសាស្ត្រនីមួយៗទូទាំង ប្រទេស ដោយមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ ដែលមានលេខបារកូដនៅលើលិខិត ហើយអ្នកជាប់ពន្ធអាចសែនបញ្ជាក់ពីភាពត្រឹមត្រូវនៃសមាសភាពមន្ត្រីទាំងនោះបាន តាមរយៈកម្មវិធីទូរស័ព្ទ ដៃត្រួតពិនិត្យ និងតាមដានឯកសារ។ ក្នុងករណីមានមន្ត្រីពន្ធដារណាមួយចុះទៅដោយមិនមាន លិខិតបញ្ជាបេសកកម្មត្រឹមត្រូវ សូមសហការផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង