ភ្នំពេញ៖ ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទាំងមូលដោយឥតកែប្រែ ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេច ស ខេង បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត នៅក្នុងអង្គប្រជុំព្រឹទ្ធសភា។ លោក កើត រិទ្ធ បញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ មិនខុសទៅនឹងច្បាប់ ឬក៏រដ្ឋធម្មនុញ្ញទេ គឺសេចក្តីព្រាងច្បាប់នេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។ សេចក្តីព្រាងច្បាប់នេះ ស្របទៅតាមមាត្រា ៩១ថ្មី នៃរដ្ឋធម្មនុញ្ញ និងធ្វើស្របតាមមាត្រា ៣៤ថ្មី (មួយ)នៃរដ្ឋធមម្មនុញ្ញ។ មូលដ្ឋានគ្រឹះនៃការធ្វើវិសោធនកម្មនេះ គឺមានរឹងមាំទាំងក្នុងទ្រឹស្តី ទាំងក្នុងរដ្ឋធម្មនុញ្ញ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា “វិសោធនកម្មនេះ គឺមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោទេ វិសោធមកម្មនេះ គឺប៉ះពាល់តែទៅលើសិទ្ធិនៅក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត។ បើយើងជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ យើងស្រឡាញ់ប្រជាធិបតេយ្យត្រូវចាប់ផ្តើមដំបូងមុនគេបំផុតត្រូវចេញទៅបោះឆ្នោតសិន បើយើងមិនទាន់បានធ្វើជាគំរូគេផង យើងម៉េចទៅធ្វើជាអ្នកដឹកនាំកើត។
លោក កើត រិទ្ធ បានបន្តថា លក្ខខណ្ឌមួយនេះ មិនត្រឹមតែការពារទៅលើកិច្ចដំណើរការបោះឆ្នោត ប៉ុន្តែលើកម្ពស់គុណតម្លៃស្នូលនៃប្រជាធិបតេយ្យតាមរយៈការពអ្រឹងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដែលជាអនាគតមេដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត”។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេងគាំទ្រ ១១១សំឡេងលើ១១១សំឡេង។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិកា រដ្ឋសភាចូលរួមប្រជុំចំនួន ១១១រូប៕
