កម្ពុជា៖ USAID មរតកបៃតង និង អង្គការសន្សំម្លប់ព្រៃ គាំទ្រកសិករស្រូវត្រយងឱ្យដាំដុះដំណាំគម្របដីនៅតាមដីស្រែរបស់ពួកគេដើម្បីបង្កើនជីវជាតិដីនៅក្នុងតំបន់គោលដៅ។ តាមរយៈការសាកល្បងដែលបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ ដំណាំចង្រ្កង់ស្វាត្រូវបានគេកំណត់ថាជាប្រភេទដំណាំគម្របដីដ៏ល្អបំផុតដែលអាចសម្របតាមលក្ខខណ្ឌក្នុងតំបន់បាន។
ដំណាំគម្របដី គឺជារុក្ខជាតិដែលផ្តល់ផលប្រយោជន៍ដល់ការលូតលាស់នៃដំណាំផ្សេងទៀតនាពេលអនាគត ហើយអាចជាធាតុផ្សំដ៏សំខាន់នៃកសិកម្មសរីរាង្គដែលចូលរួមដល់ការអភិរក្សសត្វព្រៃ។ ដំណាំទាំងនេះជួយការពារសំណឹកដី កំចាត់ស្មៅ កំចាត់សត្វល្អិត និងជំងឺផ្សេងៗ ពង្រឹងសុខភាពជីវៈចម្រុះ និងអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់កសិករ រួមទាំងការបង្កើនប្រាក់ចំណេញផងដែរ។
កសិករបានទទួលការបណ្តុះបណ្តាលអំពីអត្ថប្រយោជន៍ និងរបៀបដាំដំណាំគម្របដីនេះនៅក្នុងដីស្រែរបស់ពួកគេ។ ជាមួយនឹងបច្ចេកទេសនេះ កសិករស្រូវត្រយងទទួលបានលទ្ធផលគាប់ប្រសើរដូចជាធ្វើឱ្យដីមានជីវជាតិ កាត់បន្ថយស្មៅនៅក្នុងវាលស្រែ និងធ្វើឱ្យផលិតផលស្រូវកើនឡើង៕