ស្ទឹងត្រែង៖ នៅតាមជនបទនៃប្រទេសកម្ពុជា គោក្របីដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មកសិកម្ម ហើយសម្រាប់គ្រួសារជាច្រើន សត្វទាំងនោះគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុត។ នៅពេលដែលគោក្របីក្នុងស្រុកមិនត្រូវបានថែទាំឱ្យបានត្រឹមត្រូវ ជំងឺឆ្លងអាចបំផ្លាញហ្វូងគោក្របីក្នុងសហគមន៍ទាំងមូលត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ចំណែកឯសហគមន៍ដែលរស់នៅក្បែរព្រៃការពារ និងដែនជម្រកសត្វព្រៃ ជំងឺទាំងនោះក៏គំរាមកំហែងដល់សត្វព្រៃផងដែរ។
លោក ធន់ កុក បសុពេទ្យ មកពីភូមិខិះស្វាយ ដែលជាភូមិតូចមួយនៅក្នុងស្រុកសៀមប៉ាង បានរំលឹកពីពេលវេលាដែលជំងឺឆ្លងដូចជាជំងឺសារទឹក និងជំងឺអុតក្តាម បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សត្វស្រុក និងសត្វព្រៃនៅក្នុងតំបន់នោះ។ ជំងឺរាតត្បាតទាំងនោះបានរីករាលដាលយ៉ាងលឿន និងបានគំរាមកំហែងដល់សន្តិសុខស្បៀង និងប្រភពចំណូលរបស់អ្នកភូមិយ៉ាងខ្លាំង។
នៅស្រុកសៀមប៉ាង USAID មរតកបៃតង កំពុងគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោក្របីនេះ ដែលដឹកនាំដោយដៃគូអភិរក្សក្នុងស្រុកគឺក្រុមហ៊ុន Rising Phoenix ។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក លោក កុក និងក្រុមគ្រូពេទ្យសត្វបានចាក់វ៉ាក់សាំងឱ្យសត្វគោក្របីជាង ៣.១០០ ក្បាល ដែលជាកម្មសិទ្ទិរបស់អ្នកភូមិជាង ២០០ គ្រួសារ។
លោក កុក បានឲ្យដឹងថា វ៉ាក់សាំងនេះអាចជួយការពារសត្វគោក្របីពីជំងឺ និងកាត់បន្ថយការរីករាលដាលនៃជំងឺផងដែរ។ ចំណុចដែលល្អបំផុតថែមទៀតនោះ គឺវ៉ាក់សាំងនេះក៏ជួយការពារការរីករាលដាលជំងឺទៅដល់សត្វព្រៃដ៏កម្រនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងផងដែរ។