
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨,១៨៤តោន ស្មើនឹង ១៩១.៦៤ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់គោលដៅចំនួន៤៩ ក្នុងនោះមានទីផ្សារថ្មីចំនួន១ ត្រូវបានកើតឡើង គឺទីផ្សារប្រទេសហ្វីលីពីន ដែលបាននាំចេញជាលើកដំបូងក្នុបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន ២ ៥៧៥ តោន។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការនាំចេញទៅកាន់ទីផ្សារប្រទេសហ្វីលីពីនក្នុងបរិមាណច្រើនជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើងដោយ ក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ដែលមាន ឧកញ៉ា គឹម សាវុធ ជាអគ្គនាយក។ សមិទ្ធិផលនេះកើតចេញពីក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា រៀបចំការធ្វើទស្សនៈកិច្ចសិក្សាទីផ្សារដោយផ្ទាល់នៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ហើយទីផ្សារអ្នកនាំចូលពីប្រទេសហ្វីលីពីន កាលពីសប្តាហ៍ទី៣ និងទី៤ ខែមីនា ឆ្នាំ២០២៣ ចំនួន ៣ក្រុមផ្សេងៗគ្នា ដើម្បីធ្វើទស្សនៈកិច្ចទៅពិនិត្យរោងចក្រដោយផ្ទាល់ រហូតឈានទៅដល់កិច្ចព្រៀមព្រៀងទិញលក់តែម្តង ដោយមានក្រុមហ៊ុន Khmer Foods Group Co.Ltd ជាអ្នកសម្រេចឈានមុខគេ។
ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកចំនួន៦០រូប បានអញ្ជើញចូលរួមពិធីសម្ពោធការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ MARIA AMELITA C. AQUINO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដែលមានការកើនឡើងប្រមាណជា ២៨.៦ % នៅឆ្នាំ ២០២២ កន្លងមក ជាពិសេសការនាំអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីនគឺមានការកើនឡើងគួរឱកយកត់សម្គាល់ ដែលនេះជាបំណងរបស់កម្ពុជាជាយូរមកហើយ ហើយការងារនេះត្រូវបានចាប់ផ្តើមឡើងដោយក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ជាមួយអ្នកនាំចូលហ្វីលីពីន ដែលជាគម្រូមួយសម្រាប់បង្ហាញអំពីសក្តានុពល និងការត្រៀមខ្លួនរួចរាល់របស់អង្ករកម្ពុជាទៅដល់អ្នកនាំចូលផ្សេងទៀតដើម្បីបញ្ជាទិញអង្ករពីកម្ពុជា។
គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជាធ្វើការនាំចេញអង្ករលើកដំបូងនៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២២ ប្រទេសកម្ពុជាធ្លាប់នាំអង្ករទៅកាន់ប្រទេសហ្វីលីពីនតែ២ដងគត់ គឺលើកទី១ នៅឆ្នាំ២០២០ ចំនួន ៣០០តោន និង ១០០ តោននៅឆ្នាំ២០២១។ ប្រទេសហ្វីលីពីនជាប្រទេសផលិត និងនាំចូលអង្ករធំមួយនៅក្នុងពិភពលោក ដែលឈរលំដាប់លេខរៀងទី៤ នៅលើពីភពលោក និងលេខរៀងទី២ បន្ទាប់ពីប្រទេសចិន នៅក្នុងទ្វីបអាស៊ី ដោយបាននាំចូលអង្ករ ប្រមាណជាជាង ៣លានតោន ហើយភាគច្រើនប្រទេសក្នុងអាស៊ានដែលមានព្រំដែនជាប់ជាមួយប្រទេសកម្ពុជា។ សម្រាប់ការនាំចេញទ្រង់ទ្រាយធំជាលើកដំបូងមានចំនួន ២៥៧៥តោន គឺបានដឹកចេញកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងបន្តនាំចេញនៅក្នុងរយៈពេលដ៍ខ្លីខាងមុខ៕
