ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី២៧ មិថុនា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានការស្វែងរកវិធានការសេវា គាំទ្រសុខភាពផ្លូវចិត្ត ដល់បុគ្គលិកអប់រំវ័យចាស់ សរុបចំនួន ១០០រូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងស្តីពីវិធានការ បង្ការ ជំងឺឆ្លង និងមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិកអប់រំ វ័យចាស់ក្នុងវិស័យអប់រំផ្លូវចិត្ត នៅថ្នាក់កណ្តាល។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ថា ក្រសួងអប់រំ បានដាក់ចេញនូវគោលនយោបាយផែនការចង្អុលផ្លូវអប់រំ ឆ្នាំ២០៣០ ផែនការមេស្តីពីការលើកកម្ពស់សុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត និងបានអភិវឌ្ឍសៀវភៅគោលប្រតិបត្តិ ស្តីពី ការសង្គ្រោះផ្លូវចិត្តបឋម សម្រាប់បុគ្គលិកអប់រំដែលគ្របដណ្តប់ទាំងការគាំទ្រផ្នែកចិត្តសាស្រ្ត និងសង្គមជាកិច្ចអន្តរាគមន៍ ឆ្លើយតបដំបូង ដែលបង្កើតឡើង ដោយអង្គការសុខភាពពិភពលោក ដើម្បីជាការគាំទ្រចំពោះមនុស្សជាតិ ដែលកំពុងទទួលរងនូវវិបត្តិធ្ងន់ធ្ងរ។