
ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់នាពេលបច្ចុប្បន្ន ហើយនៅថ្ងៃអនាគតខេត្តកំពង់ស្ពឺនឹងមានឧស្សាហកម្មធន់ធ្ងន់មួយដែលអាចផលិតស៊ីម៉ង់តិ៍បានប្រមាណ២លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេសកម្ពុជា។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា នាថ្ងៃអនាគតខេត្តកំពង់ស្ពឺនឹងមានរោងចក្រស៊ីម៉ង់តិ៍ដ៏ធំមួយ មានសមត្ថភាពផលិតស៊ីម៉ង់តិ៍បានប្រមាណ ២លានតោនក្នុងមួយឆ្នាំ ហើយខេត្តមួយនេះក៏នឹងអាចក្លាយទៅជាខេត្តដែលរួមចំណែកក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់នៅទូទាំងប្រទេសកម្ពុជា ព្រោះរាជរដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតសម្រាប់ការវិនិយោគរួចហើយ ដោយសារខេត្តកំពង់ស្ពឺជាខេត្តមួយដែលសេសសល់សក្តានុពលយ៉ាងច្រើន។
រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅអភិវឌ្ឍន៍ខេត្តភាគនិរតី នៃប្រទេសកម្ពុជា ដូចជាខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កែប កំពត ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ បានដោយងាយស្រួលដែលមានផ្លូវជាតិខ្វាត់ខ្វែង និងកំពង់ផែទឹកជ្រៅ។
គិតមកដល់បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលមធ្យមជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ចំនួននេះបានបង្ហាញថា ខេត្តកំពង់ស្ពឺបានក្លាយជាខេត្តមួយដែលមានចំនួនរោងចក្រច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ហើយផ្នែកសិ-ឧស្សាហកម្ម និងផ្នែកបច្ចេកវិទ្យានានានឹងអាចត្រូវបាននាំមកវិនិយោគនៅខេត្តកំពង់ស្ពឺបន្ថែមទៀតដែរ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន៕

