
ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលមធ្យមជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ចំនួននេះបានបង្ហាញថា ខេត្តកំពង់ស្ពឺបានក្លាយជាខេត្តមួយដែលមានចំនួនរោងចក្រច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ហើយផ្នែកសិ-ឧស្សាហកម្ម និងផ្នែកបច្ចេកវិទ្យានានានឹងអាចត្រូវបាននាំមកវិនិយោគនៅខេត្តកំពង់ស្ពឺបន្ថែមទៀតដែរ។
ខេត្តកំពង់ស្ពឺ ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និង តំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើងនៃសេដ្ឋកិច្ចរបស់ខេត្ត និង ក្នុងក្របខណ្ឌទូទាំងប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅអភិវឌ្ឍន៍ខេត្តភាគនិរតី នៃប្រទេសកម្ពុជា ដូចជាខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កែប កំពត ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ បានដោយងាយស្រួលដែលមាន ផ្លូវជាតិខ្វាត់ខ្វែង និងកំពង់ផែទឹកជ្រៅ។
ដោយឡែកនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ពីមុនកំពង់ស្ពឺ ដី១ហិចតា ប្រជាកសិករអាចធ្វើស្រែចំការ អាចចិញ្ចឹមមនុស្សបានតែ១គ្រួសារដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី ៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្មនេះ៕

