
ត្បូងឃ្មុំ៖បុរសខ្មែរម្នាក់ ជាអតីតអ្នកឆ្លងដែនខុសច្បាប់នៅប្រទេសម៉ាឡេស៊ីបានស្លាប់នៅក្នុងបន្ទាប់ធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័កអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។តាមការសន្និដ្ឋានបឋមបុរសម្នាក់នេះអាចស្លាប់ដោយសារខ្យល់គ។នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ថ្លែងប្រាប់ស៊ីស៊ីថាមស៍។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានថ្លែងថា បុរសខ្មែរដែលស្លាប់នេះ គឺជាពលករខុសច្បាប់ធ្វើការនៅប្រទេសម៉ាឡេស៊ី ថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០ បានលួចឆ្លងដែនខុសច្បាប់ពីម៉ាឡេស៊ីចូលមកប្រទេសថៃ ហើយឆ្លងដែនខុសច្បាប់ពីប្រទេសថៃតាមច្រកប៉ោយប៉ែតចូលមកកម្ពុជា។
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរកកូវីដ-១៩ តែជាលទ្ធផលបុរសម្នាក់នេះអវិជ្ជមានកូវីដ-១៩ ហើយក៏បានបញ្ជូនមកមណ្ឌលធ្វើចត្តាឡីស័កអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ទាក់ទងនឹងមូលហេតុនៃការស្លាប់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានអះអាងថា មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើហើយបានធ្វើការសន្និដ្ឋានបឋមថា បុរសម្នាក់នេះអាចស្លាប់ដោយសារខ្យល់គ ព្រោះនៅក្នុងជិតខ្លួនសាកសពមានសំបកថ្នាំដោយបុរសម្នាក់នេះបានផ្ញើបងប្រុសរបស់គាត់ឱ្យទិញថ្នាំដោយមិនបានសួរនាំក្រុមគ្រូពេទ្យ។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានសង្កត់ធ្ងន់ថា ជនជាតិខ្មែររូបនេះបានស្លាប់នៅវេលាម៉ោងប្រហែល៧យប់មិញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អំឡុងពេលធ្វើចត្តាឡីស័កបាន ៣ថ្ងៃ ហើយក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់ដែរតែមិនអាចជួយបាន៕