
កម្ពុជា៖ ក្រសួងបរិស្ថានបានឲ្យដឹងថា សត្វត្រដក់ធំ មានឈ្មោះវិទ្យាសាស្ត្រ Leptoptilos dubiusជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា។
សត្វនេះ ភាគច្រើនរស់នៅតាមតំបន់ព្រៃរនាម តំបន់ដីសើម និងព្រៃល្បោះ មានបន្ទាយពងកូនយ៉ាងធំ នៅតំបន់ព្រែកទាល់បឹងទន្លេសាប ដែលជាបន្ទាយពងកូនធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជា បន្ទាយពងកូនធំជាងគេទីពីរលើពិភពលោក។

សត្វត្រដក់ធំ មានបណ្តោយខ្លួនធំ ឆ្នូតបណ្ដោយកណ្ដាលផ្ទាំងស្លាបលើ ពណ៌ប្រផេះ មានរោមសនៅគល់ក និងថង់យាមមួយនៅករបស់វា។ ចំណីរបស់វាមាន ត្រី កណ្តុរ កង្កែប ពពួកល្មូនជាដើម និងជួនកាលស៊ីសាកសព ឬគមរង់ផ្សេងៗ ហើយនៅរដូវពងកូន ពេលខ្លះវាចាប់កូនសត្វ ស្លាបដទៃស៊ីជាអាហារ៕
