បន្ទាយមានជ័យ៖ ខណៈពេលនេះមានការកើតចេញនូវជំងឺឈីកគន់ហ្គន់យ៉ា(Chikunngunya) ដែលហៅកាត់ថា ឈីក នៅភូមិចំនួន០៦នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃ២៣ កក្កដា ឆ្នាំ២០២០។
មានប្រជាពលរដ្ឋនៅទីតាំងខាងលើចេញរោគសញ្ញា គ្រុនក្ដៅ ៣៨អង្សាសេ មានស្នាមកន្តួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង ចាប់តាំងពីថ្ងៃទី១៩ កក្កដា ឆ្នាំ ២០២០ មក រហូតដល់ថ្ងៃ២២ កក្កដា ឆ្នាំ២០២០។
ក្រសួងបានឱ្យដឹងថា នាពេលនេះក្រុមគ្រូពេទ្យមូលដ្ឋានបានស្រាវជ្រាវអង្កេតដល់ទីតាំងនៃភូមិទាំង០៦ និងផ្ទះប្រជាជនដែលមានបញ្ហា ដើម្បីពិនិត្យស្ថានភាពសុខភាពជាក់ស្ដែងមានចំនួន ១៦៨នាក់ ស្រី៩៥ នាក់ និងបានបញ្ជូនបុគ្គលដែលមានបញ្ហាសុខភាព មកពិនិត្យនិងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតមានចំនួន៣២នាក់។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពអ្នកជំងឺទាំងនោះ មានភាពធូរស្បើយហើយ ហើយក្រុមគ្រូពេទ្យក៏បានយកសំណាកវត្ថុវិភាគឈាមចំនួន២២នាក់ ដើម្បីតេស្តរកមើលវីរុសគ្រុនឈីក និងរកមើលវីរុសកញ្រ្ជឹល-ស្អូច ចំនួន៦០នាក់ និងតេស្តរកវីរុសកូវីដ១៩ចំនួន២២នាក់ ប៉ុន្តែជាលទ្ធផលបឋមបង្ហាញថាជាករណីជំងឺគ្រុនឈីក។
សូមជម្រាបជូនថា ជំងឺគ្រុនឈីក កើតតាមរយៈមូសខ្លាញីខាំ ជាពិសេសខាំនៅពេលថ្ងៃ ហើយកើតឡើងដំបូងនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្រ្វិក និងធ្លាប់បានរកឃើញដំបូងនៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីជំងឺនេះនៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារដែរ និងធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់៦០-៧០%ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០៕