ភ្នំពេញ៖ អគារតាំងលក់រថយន្តទំនើបរបស់ក្រុមហ៊ុន GREAT WALL MOTOR CAMBODIA ដែលនាំចូលដោយក្រុមហ៊ុន វ័នរ៉ូដ គ្រុប (ONEROAD GROUP) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅទីក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការអញ្ជើញចូលរួមរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន វ័នរ៉ូដ ប្រចាំកម្ពុជាផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញភាពរីករាយក្នុងការចូលរួមជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការដាក់តាំងលក់រថយន្តទំនើបនេះ ព្រមទាំងបានកោតសរសើរ និងអបអរសាទរចំពោះក្រុមហ៊ុនវ័នរ៉ូដ គ្រុប ដែលបាននាំយករថយន្តម៉ាក GREAT WALL មកលក់លើទីផ្សារកម្ពុជា ក្នុងស្ថានភាពដែលប្រជាជនកម្ពុជាកំពុងរស់យ៉ាងសុខសាន្តក្រោមដំបូលសន្តិភាពពេញបរិបូរណ៍។
ឯកឧត្តមបញ្ជាក់ថា លើសពីការនាំចូលរថយន្ត រាជរដ្ឋាភិបាលកម្ពុជាក៏បានលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន ធ្វើការវិនិយោគលើការផលិត និងដំឡើងរថយន្តឱ្យបានច្រើននៅកម្ពុជា ដើម្បីធានាដល់ការឈរជើងយូរអង្វែងរបស់ក្រុមហ៊ុនផ្ទាល់ផង និងដើម្បីជួយប្រជាជនកម្ពុជាឱ្យមានលទ្ធភាពប្រើប្រាស់ផង។
ឯកឧត្តមបានកត់សម្គាល់ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនធំៗនៃប្រទេសចិន បានទាក់ទាញឱ្យក្រុមហ៊ុនចិនផ្សេងៗទៀត ងាកឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តធ្វើធុរកិច្ចនៅកម្ពុជា ជាក់ស្តែងដូចជាគម្រោងវារីអគ្គិសនី គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿន និងគម្រោងផ្សេងៗជាច្រើនទៀត តួយ៉ាងដូចជាគម្រោងរបស់ក្រុមហ៊ុនវ័នរ៉ូដ គ្រុប និងវ័នរ៉ូដ ហ្គ្រេតវ៉ល ដែលកំពុងមានវត្តមាននៅកម្ពុជានាពេលនេះ។