ភ្នំពេញ៖ កងកម្លាំងសមត្ថកិច្ចនៅវេលម៉ោង០១ និង០២នាទីទៀបភ្លឺ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ចុះចាប់បានគោក្របីរស់ ៤០ក្បាល មកពីថៃ តាមច្រកបឹងត្រកួនឆ្ពោះទៅចែកចាយនៅភ្នំពេញ ដោយផ្ទុយពីលិខិតអនុញ្ញាតដែលម្ចាស់សត្វស្នើសុំដឹកជញ្ជូនសត្វគោក្របីរស់ចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
ករណីនេះត្រូវបានសមត្ថកិច្ចចុះឃាត់ចាប់រថយន្តចំនួន១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តសណ្ដោងរ៉ីម៉កចំណុះ១៦តោនពាក់ស្លាកលេខត្បូងឃ្មុំ3A-2321 ដឹកសត្វគោក្របីរស់ចំនួន ៤០ក្បាល មកពីប្រទេសថៃ តាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយផ្ទុយពីលិខិតអនុញ្ញាតដែលម្ចាស់សត្វស្នើសុំដឹកជញ្ជូនសត្វគោក្របីរស់ចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
គួរបញ្ជាក់ថា ក្រុមការងារបានស្ទាក់ចាប់នៅលើផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះបទល្មើសខាងលើនេះ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕