ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញទៅប្រទេសចិនក្នុងទឹកប្រាក់ជិត ៦០០ លានដុល្លារ កើនឡើងជាង ១៣ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង ៥ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានផ្តល់មកស៊ីស៊ីថាមស៍។
បើតាមរបាយការណ៍ ចាប់ពីខែមករា-ខែឧសភា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង២ មានទឹកប្រាក់សរុប ៥ ០៧៦,៣ លានដុល្លារ កើនឡើង ១,៧ ភាគរយពីចំនួន ៤ ៩៩៩០,២៦ លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយក្នុងនោះទំនិញកម្ពុជានាំទៅប្រទេសចិន មាន ៥៨៨,៨ លានដុល្លារ កើនឡើង ១៣,៣ ភាគរយ និង ទំនិញចិននាំមកកម្ពុជា ៤ ៤៨៧,៥ លានដុល្លារ កើនឡើង ០,៤ ភាគរយ។ ផ្អែកតាមតួលេខ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៣ ៨៩៨,៧ លានដុល្លារ ជាមួយប្រទេសចិន។
សម្រាប់ខែឧសភា ឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់សរុប ១ ១៨២,២៩ លានដុល្លារ កើន ១១,៥៨ ភាគរយ បើធៀបខែឧសភា ឆ្នាំ ២០២២ ដែលមាន ១ ០៥៩,៥៥ លានដុល្លារ។
កម្ពុជានាំទៅប្រទេសចិន ១៤៩,២៦ លានដុល្លារ កើន ៥៥,៣ភាគរយ និងទំនិញនាំពីប្រទេសចិន ១ ០៣៣,០៤ លានដុល្លារ កើនឡើង ៧,២ ភាគរយ។ កាលពីខែមេសា ឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ១ ០៣១,៥៩ លានដុល្លារ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុប ១១ ៦៨៦,១៦ លានដុល្លារ កើន ៤,៤ ភាគរយ ធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារចិន ១ ២៤០,៦៣ លានដុល្លារ ថយចុះ ១៧,៩ ភាគរយ និងនាំចូលពីចិនចំនួន ១០ ៤៤៥,៥៣៣ លានដុល្លារ កើន ៧,៩ ភាគរយ៕