Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រុមហ៊ុនផលិតស្បែកជើងមួយនៅខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគ៦.៤លានដុល្លារបានសម្ពោធជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ)

កំពង់ស្ពឺ៖ ក្រុមហ៊ុនផលិតស្បែកជើងមួយឈ្មោះ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង នៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៤លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធជាផ្លូវការ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុនអាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាម៉េរិក។

ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរនោះ។

ឯកឧត្តមបានកោតសរសើរររដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ ដែលកន្លងមកបានយកចិត្តទុកដាក់ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងខេត្ត ជាពិសេសការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទាក់ទាញវិនិយោគទុនឱ្យបង្កើតរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមបានបន្តថា សមិទ្ធផលខាងលើនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការប្រែក្លាយតំបន់ដីចម្ការមីន ដីគ្មានប្រជាពលរដ្ឋរស់នៅ តំបន់អតីតសមរភូមិ តំបន់ជម្លោះព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ ក្លាយទៅទៅជាតំបន់ប្រជុំជន មានហេដ្ឋារចនាសម្ពន្ធផ្លូវ ថ្នល់ ស្ពាន មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម មានរោងចក្រពង្រាយរហូតដល់តាមបណ្តាខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរចិញ្ចឹមជីវិត មានប្រាក់ចំណូល ក្រៅពីធ្វើស្រែធ្វើចម្ការ។

គួរបញ្ជាក់ថា រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ដែលជាក្រុមហ៊ុនចិន ដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ាបានសម្រេចចិត្តផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ហើយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា ទើបក្រុមហ៊ុនសម្រេចជ្រើសកម្ពុជាជាទីតាំងល្អលើការវិនិយោគលើរោងចក្រផលិតស្បែកជើង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង