
ភ្នំពេញ៖ ភាគីហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយភាគីកម្ពុជា ដូចជា ការបន្តអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ការផ្លាស់ប្ដូរអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ការជំរុញទេសចរណ៍សុខាភិបាលជាដើម។ ចេតនានេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្ដម ថោង ខុន បានស្នើលោកស្រីរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ពិចារណាលើការបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាកន្លងមក ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីកម្ពុជា-ហ្វីលីពីនឡើងវិញ។
តាមរយៈការស្នើឱ្យពិចារណានេះ ភាគីទាំងពីរក៏បានឯកភាពរៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីនលើកទី៤ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី និងពីភាក្សាគ្នាថា តើត្រូវបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា? ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី?
ភាគីទាំងពីរបានឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន ក្នុងនោះពីរដ្ឋធានីម៉ានីលមកកាន់ខេត្តសៀមរាប ឬពីទីក្រុងសេប៊ូមកកាន់រាជធានីភ្នំពេញ ពីសេប៊ូមកកាន់សៀមរាបជាដើម ខណៈបច្ចុប្បន្នប្រទេសទាំងពីរមានជើងហោះហើរត្រង់រវាងភ្នំពេញ-ម៉ានីលរួចហើយកាលពីឆ្នាំ២០១៩។
លោកជំទាវរដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីនក៏ស្នើឱ្យមានការជំរុញទេសចរណ៍វេជ្ជសាស្ត្រពីកម្ពុជាទៅកាន់ហ្វីលីពីនផងដែរ ដោយហេតុលោកស្រីមើលឃើញថាមានប្រជាជនកម្ពុជាច្រើនដែលចេញទៅរកសេវាសុខាភិបាលនៅក្រៅប្រទេស ហើយភាគីហ្វីលីពីនស្វាគមន៍ទេសចរពីកម្ពុជាជានិច្ច៕
