កំពត៖ គិតមកដល់ឆ្នាំ២០២៣នេះ កសិករស្រូវមិត្តក្រៀលកើនឡើងពី៤១គ្រួសារទៅ១១៩គ្រួសារ ហើយផ្ទៃដីដាំស្រូវមិត្តក្រៀលក៏មានការកើនឡើងពី៣៧.៥ហិចតាដល់១២៥.៦១ហិចតា ដែលមានទីតាំងនៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
គិតមកដល់ឆ្នាំ២០២៣នេះគម្រោងស្រូវមិត្ដក្រៀលចូលដល់ឆ្នាំទី៣ហើយ ចំនួនកសិករស្រូវមិត្ដក្រៀលក៏បានកើនឡើងពី ៤១គ្រួសារដល់ ១១៩គ្រួសារ និងចំណែកផ្ទៃដីដាំស្រូវមិត្តក្រៀលមានការកើនឡើងពី៣៧.៥ហិចតា ដល់១២៥.៦១ហិចតា ដែលមានទីតាំងនៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាចខេត្តកំពត។
ដីស្រែជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីងសុទ្ធសឹងជាផ្ទៃដីរបស់កសិករស្រូវមិត្ដក្រៀលនិងជាតំបន់ទ្រនាប់ដែលមានសុវត្ថិភាពនិងផ្តល់ចំណីបន្ថែមសម្រាប់សត្វក្រៀលដែលជាសត្វកំពុងរងគ្រោះឈានទៅផុតពូជ។ គម្រោងផ្ដល់ពូជស្រូវសម្រាប់ឆ្នាំទី១ និងឆ្នាំទី២ ដើម្បីលើកទឹកចិត្តឲ្យកសិករដាំស្រូវពូជពងលលកនិងសំបកការទឹមដែលជាពូជដែលក្រៀលចូលចិត្តស៊ី។ ចំណែកឯជីធម្មជាតិផ្ដល់ជូនចំនួន៣ឆ្នាំ លើសពីនេះទៀតគម្រោងបានទទួលទិញតម្លៃស្រូវខ្ពស់ជាងទីផ្សារប្រសិនបើកសិករគោរពតាមលក្ខខណ្ឌទាំង១២។
លោកសូត្រ ឡាំង កសិករស្រូវមិត្តក្រៀលមួយរូបបានបញ្ជាក់ថាលោករីករាយចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលនេះ ព្រោះបានទទួលការគាំទ្រជាពូជនិងជីសរីរាង្គ និងទទួលបានវគ្គបណ្ដុះបណ្ដាលបច្ចេកទេសនៃការធ្វើកសិកម្មពីអ្នកជំនាញកសិកម្មរបស់អង្គការផងដែរ និងជាពិសេសទៀតគឺបានចូលរួមអភិរក្សសត្វក្រៀល៕