
ភ្នំពេញ៖ កម្ពុជា-ម៉ាល់ឌីវ បានឯកភាពគ្នាអនុវត្តផែនការសកម្មភាពមួយចំនួនទៀត ដើម្បីបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។ ការឯកភាពនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀង ស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ បានចូលជាធរមានកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។
បើតាមសេចក្ដីប្រកាស ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ពោលគឺក្នុងឱកាសកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។
ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា «កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ គឺបានចូលជាធរមានហើយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានន័យថា ចាប់ពីពេលនេះតទៅ ប្រជាជន/ភ្ញៀវទេសចរកម្ពុជានិងម៉ាល់ឌីវអាចធ្វើដំណើរទៅមកប្រទេសទាំងពីរបានដោយមិនចាំបាច់មានទិដ្ឋការ សម្រាប់ការស្នាក់នៅរយៈពេលក្រោម៣០ថ្ងៃ»។
ភាគីទាំងពីរក៏បានឯកភាពបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នាស្របតាមទស្សនទាន «ប្រទេសពីរ គោលដៅតែមួយ» ដើម្បីជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ និងទាក់ទាញរំហូរទេសចរអន្តរជាតិឱ្យចូលមកទស្សនាប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ។ ការបង្កើតឱ្យមានកញ្ចប់ទស្សនកិច្ចរួមគ្នានេះ គឺជាគំនិតផ្ដួចផ្ដើមថ្មីមួយសម្រាប់ជំរុញចលនាទេសចរអន្តរជាតិ និងទាក់ទាញឱ្យមានការស្នាក់នៅយូរ ឧទាហរណ៍៖ ភ្ញៀវទេសចរអាចស្នាក់នៅ/ទស្សនាកម្សាន្តនៅកម្ពុជា៣ថ្ងៃ និង៣ថ្ងៃទៀតនៅម៉ាល់ឌីវ។
ភាគីទាំងពីរបានបន្តឯកភាពគ្នាជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍តភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ម៉ាល់ឌីវ ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែងាយស្រួល ខណៈបច្ចុប្បន្នភ្ញៀវទេសចរដែលចង់ទៅមកប្រទេសទាំងពីរអាចផ្លាស់ជើងហោះហើរនៅសិង្ហបុរី ឬម៉ាឡេស៉ី ប៉ុន្តែយ៉ាងណាក៏មិនធ្វើឱ្យភ្ញៀវទេសចរ ឬអ្នកដំណើររង់ចាំយូរនោះដែរ ពោលគឺមិនមានបញ្ហាស្ម័គ្រស្មាញឡើយ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា នៅកម្ពុជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ ហើយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ ដូច្នេះភាគីទាំងពីរនឹងអាចតភ្ជាប់ជើងហោះហើរត្រង់ទៅមកបានយ៉ាងងាយស្រួល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ាល់ឌីវ មានដូចជាការលើកលែងទិដ្ឋការ ការតភ្ជាប់គោលដៅទេសចរណ៍ ការផ្លាស់ប្ដូរទស្សនកិច្ច រៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ភ្ញៀវទេសចរជាដើម៕
