Cctimesw1140xh150cm copy

សត្វព្រៃ៣៤ប្រភេទត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងខេត្តរតនគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) ការសិក្សាស្រាវជ្រាវជីវៈចម្រុះរហ័សក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះជាប់នឹងឧទ្យានជាតិវីរ:ជ័យ ក្នុងខេត្តរតនគិរីត្រូវបានធ្វើឡើង។ប្រភេទសត្វព្រៃជាច្រើនប្រភេទត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។

កាលខែមីនា ឆ្នាំ ២០២៣ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២៧គ្រឿង ត្រូវបានដាក់ពង្រាយក្នុងតំបន់របៀងអភិរក្សជីវចម្រុះដោយក្រុមមន្ត្រីជំនាញមកពីអង្គការសត្វព្រៃ និងរុក្ខជាតិ និងក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី និងសហគមន៍មូលដ្ឋាន ដោយទុកថតនៅក្នុងព្រៃអស់រយៈពេល ០២ ខែ។

សត្វព្រៃចំនួន ៣៤ ប្រភេទត្រូវបានថតបាន ដែលក្នុងនោះ មាន០៨ប្រភេទ ត្រូវបានកំណត់ជាប្រភេទរងការគំរាមកំហែង ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ( មាន០៥ប្រភេទជាប្រភេទងាយរងគ្រោះ ០២ប្រភេទជាប្រភេទកំពុងជិតផុតពូជ និងចំនួន០១ ប្រភេទជិតផុតពូជបំផុត) ហើយមាន០២ប្រភេទទៀតជាប្រភេទជិតរងការគំរាមកំហែងផងដែរ។

របកគំហើញសំខាន់ៗទាំងនេះរួមមានការថតជាប់រូបភាពសត្វខ្លាឃ្មុំធំ សត្វកែះ សត្វក្ងោក សត្វស្វាកន្ទុយស ហើយក៏ថតជាប់សត្វខ្លាភ្ញីថ្មកែវមួយក្បាលដែលឃើញមានកូនផងដែរ។

លទ្ធផលដ៏គួរឱ្យរំភើបទាំងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយជាពត័មានដល់ការពិភាក្សាជុំវិញការកំណត់ និងចែងចែកតំបន់គ្រប់គ្រងនៃឧទ្យានជាតិវីរៈជ័យ និងរបៀងអភិរក្សជីវចម្រុះ ក្នុងខែមិថុនាខាងមុខនេះ ដើម្បីធានាថាសត្វព្រៃសំខាន់ៗទាំងនេះត្រូវបានការពារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង