ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី ១៥ មិថុនា ២០២៣ បានចេញសេចក្តីជូនព៍ត៌មានប្រមូលឱសថឈ្មោះ Denk-Air Junior 4mg ចំនួនមួយឡូតិ៍ ដែលមានលេខឡូតិ៍ ២៦៩៣៨ ត្រលប់មកវិញដោយសារតែអង្គការសុខភាពពិភពលោក បានវិភាគរកឃើញថាឱសថឡូតិ៍នេះកំពុងចរាចរនៅទីផ្សារកម្ពុជាដែលមានផ្ទុកសារធាតុមិនសុទ្ធ។
បើតាមសេចក្តីជូនព័ត៌មាននៃក្រសួងសុខាភិបាលបានឱ្យដឹងថា យោងតាម Rapid Alert System របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី០១ ខែមិថុនា ២០២៣ បានជូនព័ត៌មានថារោងចក្រផលិតឱសថ Denk Pharma GmbH & Co. Kg, Germany បានវិភាគរកឃើញថាឱសថ Denk-Air Junior 4mg មួយឡូតិ៍ដែលមានលេខឡូតិ៍ ២៦៩៣៨ មានផ្ទុកសារធាតុមិនសុទ្ធ ចំនួនពីរមុខលើសកម្រិតបទដ្ឋានស្តង់ដារដែលក្បួនច្បាប់ឱសថបានអនុញ្ញាត។
អ្វីដែលគួរឱ្យព្រួយបារម្ភនោះ ឱសថ Denk-Air Junior 4mg ដែលមានលេខឡូតិ៍ដូចបានរៀបរាប់ខាងលើ កំពុងតែមានការចរាចរនៅកម្ពុជា ដូចនេះ ដើម្បីអាចរក្សាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងសូមធ្វើការអំពាវនាវឱ្យ គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ World Health Pharamaceutical Co., Ltd. ដែលបាននាំចូល និងចែកចាយឱសថខាងលើ ត្រូវបញ្ឈប់ការចែកចាយ និងប្រមូលឱសថ១ឡូតិ៍នេះពីគ្រឹឹះស្ថានលក់ឱសថស្ថាន ឬ ឱសថស្ថានរងនានានៅកម្ពុជា។
បន្ថែមពីនេះ ក្រសួងក៏បានបន្តនៅក្នុងសេចក្តីជូនដំណឹងបន្តទៀតថា គ្រប់មន្ទីរពេទ្យឯកជន គ្លីនិក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថខាងលើ និងត្រូវផ្តល់ឱសថដែលមានលេខឡូតិ៍ខាងលើត្រលប់ទៅគ្រឹះស្ថានដែលបានលក់ជូនវិញ។
ប្រសិនបើគ្រឹះស្ថានណាមួយមិនអនុវត្តតាមវិធានការខាងលើ ក្រសួងសុខាភិបាលនឹងមានវិធាការតឹងរ៉ឹងតាមផ្លូវច្បាប់។ ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ Denk-Air Junior 4mg មានលេខឡូតិ៍ខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានតាមរយៈលេខ ០១១ ៥៧៤ ៧៨៧ / ០១២ ៣៥៥ ១៦១ / ០១២ ៩៨៣ ៣៣៤ / ០១៧ ៦០៦ ៦៧០ ៕