Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ២,១៦លាននាក់ក្នុងរយៈពេល៥ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលកន្លងទៅ

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២,១៦លាននាក់ កើនឡើង៥៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ភ្ញៀវទេសចរអន្តរជាតិកើនឡើងជាបន្តបន្ទាប់នៅកម្ពុជា ដោយសារកម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាហូរហែដូចជា អង្គរសង្រ្កាន្ត ស៊ីហ្គេម និងប៉ារ៉ាហ្គេមជាដើម ដែលបានទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលផ្តល់មកស៊ីស៊ីថាមស៍ដោយលោក តុប សុភ័ក្រ។

លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបង្ហាញថា របាយការណ៍ស្ថិតិទេសចរណ៍រយៈពេលប្រាំខែដើមឆ្នាំ២០២៣ ទេសចរអន្តរជាតិដែលចូលមកកម្ពុជាមានចំនួន ២,១៦ លាននាក់ កើនឡើង ៥៣០,០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២, ទេសចរជាតិផ្ទៃក្នុងមានចំនួន ១០,០ លាននាក់ កើនឡើង ៧៦,៤%, ទេសចរបរទេសថ្ទៃក្នុងមានចំនួន ១,១២ លាននាក់ កើនឡើង ១០៥,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ជាមួយគ្នានេះ ក្នុងរយៈពេល៥ខែនេះ ភ្ញៀវទេសចរជាតិដែលបានចេញកម្សាន្តក្រៅប្រទេសមានចំនួន ៧២ ម៉ឺននាក់ កើនឡើង ៥៧៣,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

លោកបញ្ជាក់ថា ក្នុងរយៈពេល៥ខែនេះ ភ្ញៀវទេសចរអន្តរជាតិដែលកម្ពុជាទទួលបានច្រើនជាងគេគឺទេសចរថៃ មានចំនួនជាង៧២ម៉ឺននាក់, ទី២គឺទេសចរវៀតណាម មានប្រមាណជាង៣៧ម៉ឺននាក់ ហើយលំដាប់ទី៣គឺទេសចរចិនដែលមានចំនួនប្រមាណជាង២២ម៉ឺននាក់ បន្ទាប់ពីនេះគឺឡាវ អាម៉េរិកកាំង កូរ៉េ ឥណ្ឌូនេស៊ី បារាំង រុស្សី និងអង់គ្លេសជាដើម។ ប្រទេសទាំងនេះគឺជាទីផ្សារទេសចរសំខាន់ៗទាំង១០របស់កម្ពុជាសម្រាប់រយៈពេល៥ខែឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យរូបនេះបន្តថា មូលហេតុដែលធ្វើឱ្យកម្ពុជាមានកំណើនទេសចរបរទេសជាបន្តបន្ទាប់ព្រោះគិតមកដល់បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរសម្រាប់ជួយសម្រួលការធ្វើដំណើរពីគោលដៅទេសចរណ៍មួយទៅមួយ ជាពិសេសនៅតាមគោលដៅទេសចរណ៍សំខាន់ៗគឺមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ។ ម្យ៉ាងវិញទៀតកម្ពុជាក៏មានផលិតផលទេសចរណ៍យ៉ាងសម្បូរបែប ជាពិសេសនាពេលថ្មីៗនេះ កម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជាកិច្ចប្រជុំកំពូលអាស៊ាន អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលសុទ្ធតែជាព្រឹត្តិការណ៍ដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជា ហើយធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាកាន់តែមានភាពល្បីល្បាញថែមទៀត។

លោក តុប សុភ័ក្រ បានបញ្ជាក់ថា យោងតាមការព្យាករណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៣ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ២,៦ លាននាក់ កើនឡើង ៤១៣,០%៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង