
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅដើមខែមិថុនានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រកាត់ដេរ រោងចក្រផលិតបាវ និងរោងចក្រផលិតសម្ភារៈវេចខ្ចប់ នៅខេត្តស្វាយរៀង ហើយអាចបង្កើតឱកាសការងារបានរាប់ពាន់កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនទាំងនោះមានដូចជា៖ ១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៤១០កន្លែង។
២- “HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។
៣- “ DONG WANG PAPER INDUSTRY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង៕