Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនដឹកជញ្ជូនទំនិញមិនសូវមមាញឹកដូចមុនខណៈទីផ្សារមួយចំនួនមានភាពស្ងប់ស្ងាត់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបតំណាង)

ភ្នំពេញ៖ សកម្មភាពនៃការប្រើប្រាស់សេវាកម្មដឹកជញ្ជូនទំនិញនារយៈពេលចុងក្រោយនេះ គឺមិនសូវមានភាពមមាញឹកដូចមុនទេ ព្រោះចំនួននៃការផ្ញើទំនិញគឺបានធ្លាក់ចុះជាបន្តបន្ទាប់។ ករណីនេះកើតមានឡើងខណៈកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀតកំពុងប្រឈមវិបតិ្តសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ការឡើងថ្លៃប្រេងសាំង សង្គ្រាមរុស្សី-អ៊ុយក្រែន និងអតិផរណាទំនិញជាដើម។ នេះជាការលើកឡើងរបស់បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែងក្នុងរាជធានីភ្នំពេញ បានប្រាប់ស៊ីស៊ីថាមស៍។

បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនមួយរូប បានលើកឡើងថា មួយរយៈនេះការលក់ដូរនៅតាមផ្សារ ក៏ដូចជាការលក់តាមអនឡាញគឺមិនសូវមានភាពអ៊ូអរ និងលក់ដាច់ដូចមុនទេ ដែលជាហេតុធ្វើឱ្យសន្ទុះនៃការផ្ញើឥវ៉ាន់មានការធ្លាក់ចុះជាបន្តបន្ទាប់ និងមិនសូវមានភាពមមាញឹកដូចមុន ហើយនៅតាមទីផ្សារមួយចំនួនក៏មានភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ផងដែរ។

បុគ្គលិករូបនេះបញ្ជាក់ថា នាពេលកន្លងទៅអតិថិជនដែលប្រើប្រាស់សេវាដឹកជញ្ជូនទំនិញភាគច្រើនជាអ្នកលក់អនឡាញ ព្រោះសន្ទុះនៃការលក់របស់ពួកគាត់មានភាពមមាញឹក ហើយការផ្ញើឥវ៉ាន់ជូនភ្ញៀវរបស់ពួកគាត់នៅតាមបណ្តាខេត្តនានា ឬនៅក្នុងរាជធានីភ្នំពេញក៏មានច្រើនជាហូរហែ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ សកម្មភាពនៃការប្រើប្រាស់សេវាកម្មដឹកជញ្ជូនទំនិញពីអ្នកលក់អនឡាញគឺមិនសូវមានច្រើនដូចមុនទេ។

គួរបញ្ជាក់ថា នារយៈពេលចុងក្រោយនេះ អាជីវករលក់ដូរនៅតាមផ្សារធំៗមួយចំនួនក្នុងរាជធានីភ្នំពេញផ្តើមរអ៊ូរទាំថា ការលក់ហាក់បីដូចជាមានភាពស្ងប់ស្ងាត់ជាងមុនច្រើន ព្រោះបាត់ភ្ញៀវដែលធ្លាប់ទិញពីមុនៗ ហើយអាជីវករមួយចំនួនក៏បានសម្រេចចិត្តបិទតូបជាបណ្ណោះអាសន្ន និងខ្លះទៀតដាក់តូបជួលបន្ត ឬបិទតូបចោលព្រោះលក់មិនដាច់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង