
ភ្នំពេញ៖ កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ២៧៨ ១៨៤ តោន និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) គិតជាទឹកប្រាក់សរុបមានចំនួន៧៣៦.៩០ លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានផ្តល់មកកាន់ស៊ីស៊ីថាមស៍នៅថ្ងៃទី១២ ខែមិថុនានេះ។
បើតាមរបាយការណ៍ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៣ អង្ករកម្ពុជា បាននាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ចំនួន១៩១.៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារសហរដ្ឋមេរិក។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩% អង្ករ ស ចំនួន ១០.៨៧% អង្ករចំហុយ ៣.៧១%និងអង្ករសរីរាង្គចំនួន ១.៩៣% ។
របាយការណ៍បញ្ជាក់ថា ប្រទេសចិន គឺនៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបរបស់កម្ពុជាចំនួន ៤២.៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ ប្រទេស គ្របដណ្ដប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ាន ចំនួន ៤ ដែលស្មើនឹង ៧.៨៦% ដែលក្នុងនោះប្រទេសហ្វីលីពីនជាទីផ្សារទើបនាំចេញក្នុងបរិមាណធំលើកទី១ ចំនួន ២ ៥៧៥ តោន ក្រៅពីនេះទីផ្សារផ្សេងៗ ចំនួន ២០គោលដៅស្មើនឹង ១០.៧៨%៕