Cctime 6monthsfree desktop
Cc times  web banner kh

ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពី«អក្ខរកម្មឌីជីថល»ដល់សិស្ស៣២០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ ក្រសួងអប់រំ សហការជាមួយក្រសួងប្រៃសណីយ៍ ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីអក្ខរកម្មឌីជីថល រយៈពេល២ថ្ងៃ តាមបែបចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ដោយមានវត្តមានសិស្សានុសិស្សមកពីតាមបណ្តាគ្រឹះស្ថានសិក្សាគោលដៅនានាក្នុងខេត្តបាត់ដំបង ចូលរួមសរុប ៣២០នាក់។

សិក្ខាសាលានេះ បានធ្វើការបែងចែកជាពីរទម្រង់ គឺទម្រង់វីដេអូអនឡាញ និងទម្រង់ជួបជុំផ្ទាល់ ក្នុងគោលបំណងដើម្បីរួមចំណែកចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្នែកឌីជីថលសំខាន់ៗមួយចំនួនជូនដល់សិស្សានុសិស្សដូចជា ការពារហានិភ័យពីការប្រើប្រាស់ប្រព័ន្ធអនឡាញ ដូចជា ការឆបោក ការបំពានកេរ្តិ៍ខ្មាស ការគំរាមកំហែង និងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនៅតាមបណ្តាញសង្គមនានា។

លើសពីនេះ សិក្ខាសាលានេះ ក៏ផ្ដល់ចំណេះដឹងលើការបង្កើត ការដាក់ពាក្យសម្ងាត់រឹងមាំ និងការប្រើប្រាស់ទំព័រហ្វេសបុក និងបណ្តាញសង្គមនានា។ បន្ថែមពីនេះក៏មាន បង្ហាញពីបច្ចេកទេសងាយៗដោយប្រើធនធានដែលមានស្រាប់ដូចជា ទូរសព្ទ ស្មាតហ្វូន កុំព្យូទ័រ និង កុំព្យូទ័រ បន្ទះ ដើម្បីបង្កើតជាវីដេអូអប់រំខ្លីៗ និង កម្មវិធីបច្ចេកវិទ្យាផ្សេងៗ។

វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការបង្រៀន ការស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត និងរបៀបនៃការប្រើប្រាស់កម្មវិធី Google (Google Meet, Google Drive, Google Docs, Google Sheets, and Google Slides), Telegram, និង Canva ជាដើម ក្នុងការសិក្សាស្រាវជ្រាវ និងប្រកបកិច្ចការផ្សេងៗប្រចាំថ្ងៃ។ ពិសេស បញ្ជ្រាបខ្លឹមសារអំពីភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ លើកទឹកចិត្តឱ្យយុវជនបង្កើតព័ត៌មានល្អៗ និងមានប្រយោជន៍ដល់សង្គមជាតិ ហើយដាក់បញ្ចូលទៅក្នុងប្រព័ន្ធបណ្តាញសង្គមសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទូទៅ។

ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលានេះ សិស្សានុសិស្ស អាចមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព និងភាពជាពលរដ្ឋសាកលប្រកបដោយការទទួលខុសត្រូវ ជាពិសេសអាចអភិវឌ្ឍសមត្ថភាពចំណេះដឹងខ្លួនឯង ជួយដល់ការសិក្សា និងការស្វែងយល់ពីហានិភ័យផ្សេងៗដែលអាចកើតឡើងពីការប្រើប្រាស់កម្មវិធីឌីជីថលទាំងនោះ រួមទាំងការចេះការពារខ្លួនឱ្យចៀសផុតពីការឆបោក ការបៀតបៀនកេរ្តិ៍ខ្មាស និងការគំរាមកំហែងពីប្រព័ន្ធអនឡាញ ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
ពាក្យទាក់ទង: អក្ខរកម្មឌីជីថល
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង