
កំពង់ឆ្នាំង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអេមីរ៉ាតអារ៉ាប់រួម ធ្វើការវិនិយោគបើករោងចក្រកែច្នៃ ឃ្លាំងស្តុក និងភ្នាក់ងារប្រមូលទិញ និងនាំចេញផលិតផលកសិកម្មធំៗ៣របស់កម្ពុជាដូចជា អង្ករ ស្វាយចន្ទី និងដំឡូងមីរបស់កម្ពុជាទៅទីផ្សារអារ៉ាប់ ព្រោះប្រទេសនេះ មានជំនាញខ្លាំងលើការកែច្នៃកសិផលទាំងនេះ ស្របពេលដែលកម្ពុជាសល់ស្រូវយ៉ាំងច្រើនក្នុងមួយឆ្នាំៗ។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនាឱកាសសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេច ហ៊ុន សែន បានថ្លែងថា ប្រទេសអេមីតអារ៉ាប់រួមជាប្រទេសមួយដែលមានសមត្ថភាព និងជំនាញខ្ពស់លើការកែថ្នៃផលិតផលកសិកម្មនានា ដូចនេះសម្តេចបានស្នើឱ្យប្រទេសនេះវិនិយោគលើការកែច្នៃកសិផលទាំងនេះដើម្បីនាំចូលទៅទីផ្សាររបស់ខ្លួន ស្របពេលដែលកម្ពុជាសម្បូរដោយវត្ថុធាតុដើមទាំងនេះ។ ម្យ៉ាងវិញទៀតប្រទេសអារ៉ាប់សម្បូរដោយអ្នកមាន សម្បូរតំបន់ទេសចរណ៍ ដូចនេះប្រទេសនេះពិតជាស័ក្ដិសមក្នុងការវិនិយោគលើការកែច្នៃកសិផលទាំងនេះដើម្បីផ្គត់ផ្គង់ផលិតផលកែច្នៃទាំងនេះដល់ប្រជាជនរបស់គេ។
សម្តេចបញ្ជាក់ថា មូលហេតុដែលសម្តេចស្នើឱ្យអារ៉ាប់វិនិយោគលើកសិផលទាំងនេះព្រោះកន្លងមក កម្ពុជាសល់ស្រូវក្នុង១ឆ្នាំប្រមាណ៦លានតោន ក្នុងពេលកម្ពុជាខ្វះម៉ាស៊ីនកិនស្រូវ ខ្វះឃ្លាំងស្រុក និងប្រាក់ប្រមូលទិញ ដូចនេះកម្ពុជាចង់ឲ្យប្រទេសអេមីរ៉ាតអារ៉ាប់រួមចូលមកបង្កើតរោងចក្រកែច្នៃ ឃ្លាំងស្តុក និងប្រមូលទិញស្រូវ រួចហើយផ្គត់ផ្គង់ទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម ទៅតាមប្រភេទអង្ករដែលបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជនគេ។ មួយវិញទៀតគឺការកែច្នៃលើផ្លែស្វាយចន្ទី ព្រោះកម្ពុជាមានស្វាយចន្ទីដែលជាវត្ថុធាតុដើមរហូតដល់ជាង ១លានតោន ដូចនេះអារ៉ាប់រួមអាចផ្គត់ផ្គង់ដល់ទេសចរ ឬនាំចេញទៅប្រទេសផ្សេងៗ។ រីឯដំឡូមី កម្ពុជាបាននាំចេញរាប់សិបលានតោនក្នុង១ឆ្នាំៗ ដោយគ្មានការកែច្នៃ។
សូមរំលឹកថា ក្រសួងពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមិថុនានេះ បានចុះហត្ថលេខាជាមួយអេមីរ៉ាតអារ៉ាប់រួម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង ជំរុញការវិនិយោគ និងបង្កើនការធ្វើពាណិជ្ជកម្មឌីជីថលជាដើម។
គួរបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម គឺជាដៃពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា នៅតំបន់មជ្ឈឹមបូព៌ា ដែលស្មើ ៦០ភាគរយ នៃទំហំពាណិជ្ជកម្មសរុប ប្រមាណ២២២លានដុល្លារអាម៉េរិកជាមួយតំបន់នេះ ក្នុងឆ្នាំ២០២២។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន១០៤លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ។ នៅ៤ខែដើមឆ្នាំ២០២៣ កម្ពុជានាំចេញទៅអេមីរ៉ាតអារ៉ាប់រួម មានទឹកប្រាក់ជាង២១លានដុល្លារ ខណៈនាំចូលពីអេមីរ៉ាតអារ៉ាប់រួម មានទឹកប្រាក់ជាង៥លានដុល្លារ។ កម្ពុជនាំចេញចេញទៅអេមីរ៉ាតអារ៉ាប់រួម មាន៖ វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ ថ្នាំជក់ គ្រឿងបង្គុំសម្រាប់យានជំនិះ និងផលិតផលធ្វើដំណើរជាដើម ហើយនាំចូលមកវិញនូវកៅស៊ូចាក់ថ្នល់ ស្ករ ចំណីសត្វ ផលិតផលប្រេង ថ្នាំជក់ កករស្រាទំពាំងបាយជូរជាដើម៕