Yearendyearend1140x150

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួមចុះហត្ថលេខារួមគ្នាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមិថុនានេះ បានចុះហត្ថលេខាជាមួយអេមីរ៉ាតអារ៉ាប់រួម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង ជំរុញការវិនិយោគ និងបង្កើនការធ្វើពាណិជ្ជកម្មឌីជីថលជាដើម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវលំហូរពាណិជ្ជកម្មទំនិញនិងសេវា វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម, ជំរុញការវិនិយោគ, បង្កើនការធ្វើពាណិជ្ជកម្មឌីជីថល, ការពារកម្មសិទ្ធិបញ្ញា, និងបង្កើនការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈការអនុវត្តប្រកបដោយតម្លាភាព ជាមួយនឹងឧបាស្រ័យពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទ។

ក្រសួងបន្តថា ដោយអនុលោមតាមគោលនយោបាយពាណិជ្ជកម្មអន្តរជាតិនៃភាគីទាំងពីរ សមិទ្ធិផលដ៏ធំធេងនេះ នឹងកា្លយជាកម្លាំងចលករក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំង ប្រកបដោយសក្តានុពលនិងកាលានុវត្តភាពថ្មី នៅក្នុងតំបន់អាស៊ី និងមជ្ឈឹមបូព៌ា។ ការណ៍នេះដែរ នឹងជាសក្ខីភាព ដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលលោកពីគ្រប់មជ្ឈដ្ឋាននូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប្រកបដោយវិបុលភាព និងសន្តិភាពនៅក្នុងយុគសម័យឌីជីថល។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង Cambodia-UAE CEPA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទី៣ ក្នុងកម្រិតទ្វេភាគី បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង