បន្ទាយមានជ័យ៖ ភាគីថៃបានអរគុណ ដល់កងកម្លាំងភាគីកម្ពុជា ដែលជួយសង្គ្រោះប្រជាជនថៃ គ្រោះថ្នាក់ដោយសារផ្ទុះមីននៅក្នុងតំបន់ហាមឃាត់។ ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាសដែលមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជួបពិភាក្សា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងថៃនៅតាមព្រំដែនខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំមេបញ្ជាការ វរសេនាតូចថ្មើរជើងទាំង៣ ដែលមានការពាក់ព័ន្ធ ជួបប្រជុំពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងភាគីថៃដែលឈរជើងទល់មុខភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ថេបភីតាក់ នីមីត មេបញ្ជាការ កងពលធំលេខ២ រក្សាព្រះអង្គ កងកម្លាំង បូព៌ា ស្ថិតនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
ជំនួបរវាងកងកម្លាំងទាំងពីរកម្ពុជា-ថៃ បានចុះពិនិត្យមើលភូមិសាស្រ្ត តាមមាត់អូរបែងចែកព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ក្នុងប៉ោយប៉ែត និងបន្តយកចិត្តទុកដាក់សហប្រតិបត្តិការល្អ ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ រក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា។ ជាពិសេសភាគីថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងភាគីកម្ពុជា ដែលប្រឹងប្រែងជួយសង្គ្រោះប្រជាជនថៃ គ្រោះថ្នាក់ដោយសារផ្ទុះមីននៅក្នុងតំបន់ហាមឃាត់៕