ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានប្រកាសថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី០៧ មិថុនានេះ ខណៈផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី៧មិថុនានេះ។ការថ្លែងឡើងនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាផ្លូវល្បឿនលឿនទី២របស់កម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលត្រូវបានបើកដំណើរការឱ្យប្រើប្រាស់នៅថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២២ កន្លងមកនេះ។ យ៉ាងណាមិញ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងប៉ោយប៉ែត ដែលជាគម្រោងផ្លូវល្បឿនលឿនថ្មីទី៣ របស់កម្ពុជា ក៏គ្រោងនឹងចុះហត្ថលេខាសិក្សាសាងសង់នៅថ្ងៃទី០៧មិថុនា ឆ្នាំ២០២៣នេះផងដែរ។
សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នៅមិនទាន់បញ្ជាក់ប្រវែងសរុប និងចំនួនទឹកប្រាក់សម្រាប់ការសាងសង់នៅឡើយនោះទេ។ ប៉ុន្ដែគម្រោងផ្លូវនេះ អាចនឹងមានប្រវែង វែងជាងគម្រោងផ្លូវទី១ និងផ្លូវទី២ ហើយចំពោះថវិកាកក៏នឹងអាចចំណាយច្រើនជាងផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ត្រូវបានសិក្សាសម្រាប់ការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។ បើតាមគំរូប្លង់នៃការសិក្សា គម្រោងផ្លូវល្បឿនលឿនទី៣ នេះនឹងត្រូវចាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ រហូតទៅខេត្ដសៀមរាប។ រីឯផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ជាផ្លូវរថភ្លៀងល្បឿនលឿន ដែលជាគម្រោងត្រូវបានលើកយកមកពិភាក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយអនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទេសចិន លោក ZHANG Zhiqing៕