Cctimesw1140xh150cm copy

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបសន្យាជំរុញការហោះហើរត្រង់កម្ពុជា-ចិនឱ្យបានច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អាកាសយានដ្ឋានអន្តរជាតិសៀមរាប

ភ្នំពេញ៖ ក្រុមហ៊ុន Yunnan Investment Holding Group ដែលជាក្រុមហ៊ុនកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសន្យាចំពោះភាគីកម្ពុជាថានឹងជំរុញការហោះហើរត្រង់រវាងកម្ពុជា-ចិន ពិសេសពីទីក្រុង និងខេត្តសំខាន់ៗនៅប្រទេសចិនមកកាន់ខេត្តសៀមរាប ក្រោយអាកាសយានដ្ឋានអន្តរជាតិនេះសាងសង់រួចរាល់ ដើម្បីរួមចំណែកជំរុញលំហូរទេសចរអន្តរជាតិចូលមកកម្ពុជាឱ្យកាន់តែច្រើនឡើង។ ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូក្រុមហ៊ុន Yunnan Investment Holding Group ដឹកនាំដោយលោក ឈួយ លូជុន (Qiu Lujun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនេះ លោក ឈួយ លូជុន បានបញ្ជាក់ថា មកដល់ពេលនេះ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបសម្រេចបានស្ទើរតែរួចរាល់ហើយ និងបានសាកល្បងការហោះហើរបានជោគជ័យហើយដែរ។ លោកក៏បានបញ្ជាក់បន្ថែមថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ»។

ប្រធានក្រុមប្រឹក្សាភិបាលនេះបានលើកឡើងពីការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងមួយចំនួននៅខេត្តយូណាន ពិសេសគឺទីក្រុងស៉ីបសងផាន់ណា (Xishuangbanna/Sipsongpanna) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប និងជាឱកាសបង្កើនការទាក់ទាញភ្ញៀវទេសចរពីទីនោះមកកាន់ប្រទេសកម្ពុជា។ លោក ឈួយ លូជុន បានសន្យាថានឹងជួយផ្សព្វផ្សាយទាក់ទាញប្រជាជនចិនឱ្យមកលេងកម្ពុជា ពិសេសខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហនុជាដើម។

ឯកឧត្តម ថោង ខុន បានឯកភាពទាំងស្រុងលើកិច្ចសហប្រតិបត្តិការជួយទាក់ទាញភ្ញៀវទេសចរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ និងបានចាត់មន្ត្រីជំនាញឱ្យត្រៀមជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Yunnan Investment Holding Group៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង