Cctimesw1140xh150cm copy

អាកាសយានដ្ឋានអន្តរជាតិតេជោចាយប្រាក់សាងសង់ចំនួន៦៨៥លានដុល្លារគិតត្រឹមថ្ងៃទី៣០មេសា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) សម្រេចការងារសាងសង់រួមបានជាង ៤៨ ភាគរយ ដោយចំណាយអស់ទឹកប្រាក់សរុបចំនួន ៦៨៥ លានដុល្លារ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ហើយទឹកប្រាក់នេះជាការវិនិយោគក្នុងភាពជាដៃគូរវាងរដ្ឋ(SSCA) និងឯកជនដោយក្រុមហ៊ុន OCIC។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

បើតាមរបាយការណ៍ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចុះកិច្ចព្រមព្រៀងវិនិយោគនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមទម្រង់ “ឌីស៊ាញ សាងសង់ ហិរញ្ញប្បទាន ធ្វើម្ចាស់ និងប្រតិបត្តិការ/Design Build Finance Own and Operate (DBFOO)” ឬអាចហៅបានថា សាងសង់ ធ្វើម្ចាស់ និងប្រតិបត្តិការ/ Build Own and Operate (BOO)

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិខ្នាតធំ កម្រិត/លំដាប់ថ្នាក់៤អេហ្វ/4F (ជាការកសាង ហេដ្ឋារចនាសម្ព័ន្ធថ្មី(greenfield)ទាំងស្រុង) បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ (ដំណាក់កាលទី១)ដែលមានរយៈពេលសាងសង់សរុបចំនួន៤៦ខែ(៤ឆ្នាំ)។

អាកាសយានដ្ឋាននេះមិនទាន់បានទទួលឈ្មោះជាអក្សរកាត់ពីស្ថាប័នអាកាសចរណ៏អន្តរជាតិ ICAO code (XXXX) និងIATA code (XXXX) នៅឡើយទេ។ បើតាមផែនការ អាកាសយានដ្ឋាននេះ គ្រោងដាក់ឱ្យសម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជានាយករដ្ឋមន្ត្រី(SPM) ។

បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានយន្តហោះរហូតដល់កូដអ៊ី (Code E: A-340-300, A350-900 and B777-200/300ER, B747-300/400...) មានចំណតយន្តហោះចំនួន២២ចំណត, ទទួលអ្នកដំណើរបាន (២០២៥) ១៥លាននាក់/ឆ្នាំ និងទំនិញតាមផ្លូវអាកាស/Air Cargo (២០២៥) ១៧៥,០០០តោន/ឆ្នាំ។ ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលមានទទឹងប្រវែង ៦០ម៉ែត្រ កាត់ផ្លូវជាតិលេខ២ រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ/TIA(ភ្នំពេញថ្មី្) ដែលមានប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៤០ ភាគរយ។ នេះបើតាមរបាយការណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង