Cc time web banner 054637

អ្នកជួសជុលប្រាសាទ៖ការតថ្មបាក់បែកទៅកន្លែងដើមវិញដើម្បីរក្សាភាពដើមសម្បត្តិបេតិកភណ្ឌ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អ្នកជួសជុលប្រាសាទបុរាណ បានឱ្យដឹងថា ការងារតភ្ជាប់ថ្មឡើងវិញពិតជាមានសារៈសំខាន់ណាស់ ពីព្រោះរាល់ការជួសជុលប្រាសាទបុរាណ គឺទាមទារឱ្យមានការយកថ្មចាស់ៗរបស់ប្រាសាទបុរាណដែលបាក់បែកទាំងនោះទៅដាក់នៅកន្លែងដើមវិញ ដើម្បីរក្សាតម្លៃ និងភាពដើមនៃសម្បត្តិបេតិកភណ្ឌ។

ជាក់ស្តែង ការដ្ឋានជួលជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ក្រុមការងារទទួលបន្ទុកការងារតថ្មប្រាសាទ ដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដើម្បីយកថ្មទាំងនោះទៅដាក់នៅតាមកន្លែងដើមរបស់វា។

ក្រុមអ្នកតថ្ម ដែលបាក់បែកឬខូចខាតទាំងនោះ បានប្រើទេពកោសល្យអស់ពីលទ្ធភាព ព្រមទាំងមានការអត់ធ្មត់ ភាពប៉ិនប្រសព្វ និងម៉ត់ចត់ផង ពីព្រោះតែថ្មខ្លះមានសភាពពុកផុយខ្លាំង និងថ្មខ្លះទៀតមានក្បាច់លម្អដែលត្រូវការរក្សាសភាពដើម។ ជាពិសេសទៅទៀត គឺការដាប់ថ្មថ្មីតម្រូវឱ្យស៊ីគ្នាជាមួយនិងថ្មចាស់។

លោក ភាវ មាច រស់នៅភូមិគោកបេង ជាប្រធានក្រុមជួសជុល និងតថ្មនៅខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គាត់បានបម្រើការងារជាអ្នកជួសជុលថ្មប្រាសាទបុរាណនេះរយៈពេលជាង១០ឆ្នាំមកហើយ។

លោក ភាវ មាច ពន្យល់ថា នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណតែងមានថ្មបាក់បែកខ្លះជាពីរកំណាត់ និងខ្លះទៀតបែកបាក់ជាច្រើនបំណែក ដូច្នេះ ដើម្បីជួសជុល និងតថ្មដែលបែកបាក់បាន លុះត្រាតែអាចស្វែងរកបំណែកថ្មដែលបាក់បែកទាំងនោះឃើញទើបយកមកផ្គុំឡើងវិញបាន។

លោក ស៊ី ឌឿន អ្នកភូមិនគរក្រៅ គឺជាអ្នកជួសជុលថ្មម្នាក់ទៀត ឱ្យដឹងថា ការងារតភ្ជាប់ថ្មឡើងវិញពិតជាមានសារសំខាន់ណាស់ ពីព្រោះរាល់ការជួសជុលប្រាសាទបុរាណ គឺទាមទារឱ្យមានការយកថ្មចាស់ៗរបស់ប្រាសាទបុរាណដែលបាក់បែកទាំងនោះទៅដាក់នៅកន្លែងដើមវិញ ដើម្បីរក្សាតម្លៃ និងភាពដើមនៃសម្បត្តិបេតិកភណ្ឌ។

លោកបន្តថា ការជួសជុលថ្មមួយដុំៗដែលបាក់ជាពីរកំណាត់ យ៉ាងណោចណាស់ក៏ត្រូវចំណាយពេល២ថ្ងៃដែរ ហើយចំពោះថ្មដែលមានតែមួយកំណាត់ គឺត្រូវចំណាយពេលពី៣ទៅ៤ថ្ងៃ ពីព្រោះត្រូវការដាប់មុខថ្មថ្មីផង និងរងចាំឱ្យកាវ និងកំបោរបាយអស្ងួតល្អផង។

បើទោះបីជាការជួសជុលថ្មមានការលំបាកខ្លាំង និងចំណាយពេលវេលាច្រើន ព្រមទាំងត្រូវការប្រើកម្លាំងលើកឡើងចុះដាក់ផ្គុំសាកល្បងច្រើនលើកច្រើនសារក៏ដោយ ក៏ក្រុមការងារមិនដែលត្អូញត្អែរទេ មានតែបង្ហាញការសប្បាយចិត្ត ពីព្រោះថា ក្រៅពីធ្វើការងារបានថវិកាដើម្បីយកទៅផ្គត់ផ្គង់គ្រួសារ ពួកគាត់ក៏មានមោទកភាពក្នុងការរួមចំណែកអភិរក្សប្រាសាទបុរាណដែលជាកេរមរតកពីដូនតាក្នុងតំបន់អង្គរនេះឱ្យគង់វង្សយូរអង្វែងតទៅមុខទៀតសម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង