Cctimesw1140xh150cm copy

អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ជួយកុមារជាង១លាន៣សែននាក់ ក្នុងឆ្នាំ២០២២

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

របាយការណ៍៖ នៅឆ្នាំ២០២២ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដៃគូ និង សហគមន៍ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើកុមារ យុវជន និងគ្រួសារងាយរងគ្រោះបំផុត។ រយៈពេលពេញមួយឆ្នាំ អង្គការទស្សនៈពិភពលោក បានផ្តល់ផលវិជ្ជមានដល់ប្រជាជនចំនួនជាង ៤,៥ លាន នាក់ ក្នុងនោះមានកុមារចំនួនជាង ១,៣ លាន នាក់ នៅខេត្តចំនួន ១៤ និងរាជធានីភ្នំពេញ។

នៅក្នុងដំណាក់កាលនៃការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ អង្គការទស្សនៈពិភពលោក បានអនុវត្តកម្មវិធីអាទិភាពចំនួនបី (៣) ផ្តោតការយកចិត្តទុកដាក់លើកុមារ រួមមាន កម្មវិធីអាហារូបត្ថម្ភ កម្មវិធីអប់រំ និងកម្មវិធីកិច្ចការពារ និងការចូលរួមរបស់កុមារ។ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម និង សមភាពយេនឌ័រ ពិការភាព និង បរិយាបន្នសង្គម ក៏ត្រូវបានរួមបញ្ចូលជាការកិច្ចការឆ្លងវិស័យដែលមាននៅគ្រប់កម្មវិធីទាំងអស់ផងដែរ។

ដើម្បីបង្កើនចំនួនកុមារដែលមានសុខភាពល្អ និងទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ កម្មវិធីអាហារូបត្ថម្ភ បានអនុវត្តវិធីសាស្រ្តចំនួនបីរួមបញ្ចូលគ្នា គឺ កិច្ចអន្តរាគមន៍សុខភាព អាហារូបត្ថម្ភ កម្មវិធីទឹកស្អាត និងអនាម័យ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ 

ជាលទ្ធផល អង្គការទស្សនៈពិភពលោក បានពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិចំនួនជាង ១,៦០០ នាក់ ដែលជាអ្នកផ្តល់ការប្រឹក្សាយោបល់ដល់អាណាព្យាបាលរបស់កុមារចំនួនជាង ១០,០០ នាក់, ផ្តល់ការគាំទ្រដល់ប្រជាជនចំនួនជាង ៦០,០០០ នាក់ ដើម្បីទទួលបានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់, និងគាំទ្រដល់ការបង្កើត និង/ឬពង្រឹងសហគមន៍កសិកម្មចំនួន ៥៧ និងក្រុមអ្នកផលិតចំនួន ៤៩ ដើម្បីបង្កើនជីវភាពរស់នៅ និងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់គ្រួសារ។

ដើម្បីគាំទ្រដល់សិស្សដែលខកខានការសិក្សារយៈពេលជិតពីរឆ្នាំសិក្សាកន្លងមក ដោយសារការបិទសាលារៀន នៅអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ កម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ហើយបានផ្តល់ផលវិជ្ជមានដល់កុមារចំនួនជាង ១៨៦,៩០០ នាក់ (ក្នុងនេះមានកុមារីចំនួនជាង ៩១,៥០០ នាក់)។ 

កម្មវិធីកញ្ចប់សិក្សាបំប៉នសមត្ថភាពសម្រាប់កុមារថ្នាក់មតេយ្យ សកម្មភាពផ្សេងៗទៀតដូចជាជំរំអំណាន ការបំពាក់បំប៉នសមត្ថភាពដល់គ្រូបង្រៀន និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវលទ្ធភាពដែលសិស្សទទួលបានសៀវភៅអាន ក៏ត្រូវបានអនុវត្ត ដើម្បីធានាថាកុមារអាចតាមទាន់មេរៀនរបស់ខ្លួន។

ព្រមជាមួយគ្នានេះ ដើម្បីគាំទ្រដល់ផែនការសកម្មភាពបញ្ចប់អំពើហិង្សាលើកុមាររបស់ក្រសួងសង្គមកិច្ច អង្គការទស្សនៈពិភពលោក បានចូលរួម និងបណ្តុះបណ្តាលកុមារជិត ២៥,០០០ នាក់ អំពីជំនាញបំណិនជីវិតពាក់ព័ន្ធនឹងកិច្ចការពារកុមារ, គាំទ្រគំនិតផ្តួចផ្តើមដែលដឹកនាំដោយកុមារចំនួន ៥០០ គម្រោង និងគម្រោងយុវជន/ក្មេងជំទង់ចំនួន ២៣៧ គម្រោង ដើម្បីដោះស្រាយបញ្ហាអំពើហិង្សាលើកុមារ។ 

អង្គការទស្សនៈពិភពលោក ក៏បានបណ្តុះបណ្តាលអាណាព្យាបាលប្រមាណ ១២,000 នាក់ ពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងគាំទ្រដល់ការបង្កើត និងកសាងសមត្ថភាពក្រុមការពារកុមារតាមឃុំ ផងដែរ។ នៅថ្នាក់ជាតិ អង្គការទស្សនៈពិភពលោក បានចូលរួមចំណែកដល់ការកែសម្រួលសៀវភៅគោលការណ៍ណែនាំប្រតិបត្តិស្តីពីកិច្ចគាំពារកុមារនៅក្នុងសាលារៀន ហើយក្រោយមកសៀវភៅគោលការណ៍ណែនាំនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យប្រើប្រាស់ នៅខែមិថុនា ឆ្នាំ២០២២។

នៅខែតុលា ឆ្នាំ២០២២ អង្គការទស្សនៈពិភពលោក ជាស្ថាប័នដំបូងគេបង្អស់ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិផ្សេងទៀត ដែលបានឆ្លើយតបនឹងគ្រោះទឹកជំនន់ ហើយបានជួយដល់គ្រួសារដែលរងផលប៉ះពាល់ប្រមាណ ២,១០០ គ្រួសារ តាមរយៈកិច្ចអន្តរាគមន៍ពហុវិស័យ ដូចជាសន្តិសុខស្បៀង ទឹកស្អាត និងអនាម័យ សម្ភារៈប្រើប្រាស់ និងការយល់ដឹងពីការការពារកុមារ ជាដើម។ 

អង្គការទស្សនៈពិភពលោកអន្តរជាតិ បានបន្តគាំទ្រដល់ការពង្រឹងការផ្តល់សេវា តាមរយៈការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) នៅក្នុងឃុំចំនួន ៥៣០ ។ នៅក្នុងឆ្នាំ២០២២ គម្រោង ISAF ជួយពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន និងលើកកម្ពស់ការសន្ទនាជាមួយអ្នកផ្តល់សេវាសាធារណៈ ដែលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសាធារណៈរបស់មណ្ឌលសុខភាពចំនួន ៤១០ សាលារៀនចំនួន ២,៤០០ ហើយនៅក្នុងនោះប្រជាពលរដ្ឋ និងមន្ត្រីជិត ៣០០,០០០ នាក់ ក៏បានចូលរួមក្នុងសកម្មភាពដែលពង្រឹងការផ្តល់សេវាក្នុងមូលដ្ឋានផងដែរ។

លោក ជេនេស អ៉ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រចំពោះសហគមន៍ និងអាណាព្យាបាល បុគ្គលិក ដៃគូតាមសហគមន៍ អ្នកស្ម័គ្រចិត្ត ម្ចាស់មូលនិធិធំៗ និងអ្នកឧបត្ថម្ភ ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាចិត្តរួមគ្នា ដើម្បីសុខុមាលភាពកុមារ។ រាល់សមិទ្ធិផលទាំងអស់ ដែលបានលើកឡើងក្នុងរបាយការណ៍នេះ គឺជាលទ្ធផលរួមរបស់យើងទាំងអស់គ្នា”៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង