
វៀតណាម៖សាលានាយទាហានព័ត៌មានខេត្ត KHANH HOA ប្រគល់សញ្ញាប័ត្រជូនសិក្ខាកាមដែលជានាយទាហានកងយោធពលខេមរៈភូមិន្ទកម្ពុជា(ជំនាន់ទី១៣)និងនាយទាហានកងទ័ពប្រជាជនឡាវ (ជំនាន់ទី៨) ដែលបានបញ្ចប់ការសិក្សាអំពីមនោគមវិជ្ជាម៉ាក-លេនីន មនោគមវិជ្ជាហូជីមិញ មាគ៌ាបដិវត្តវៀតណាម។
ស្ថានទូតវៀតណាមបានស្រង់សម្តីរបស់លោកវរសេនីយ៍ឯក បណ្ឌិត LE XUAN HUNG - នាយកសាលានាយទាហានព័ត៌មានបានមានប្រសាសន៍ថា ភាពជោគជ័យនៃការបណ្តុះបណ្តាលលើកនេះនឹងរួមចំណែកបន្ថែមក្នុងការពង្រឹងចំណងទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាមអោយកាន់តែស្អិតរមួតនិងរឹងមាំ។
បើតាមលោកវរសេនីយ៍ឯក បណ្ឌិត LE XUAN HUNG ក្នុងរយៈពេលសិក្សានៅសាលា នាយទាហានប្រទេសជាមិត្តកម្ពុជានិងឡាវបានទទួលការបណ្តុះបណ្តាលចំណេះដឹងទូទៅអំពីមនោគមវិជ្ជាម៉ាក-លេនីន មនោគមវិជ្ជាហូជីមិញ មាគ៌ាបដិវត្តវៀតណាម និងខ្លឹមសារសំខាន់ៗមួយចំនួនទៀតទាក់ទងនឹងខាងសង្គមសាស្ត្រនិងមនុស្សសាស្ត្រដែលមានការពាក់ព័ន្ធនឹងសកម្មភាពយោធា របៀបសម្លឹងមើលពិភពលោក របៀបបង្កើតទ្រឹស្តីវិទ្យាសាស្ត្រ សីលធ៌មនយោបាយ គុណធ៌មនិងរៀបរបបការងាររដ្ឋបាល។
ក្រៅពីនោះ សិក្ខាកាមក៏បានទទួលការបំពាក់បន្ថែមចំណេះដឹងជាមូលដ្ឋានខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាថានាយទាហានទាំងនេះអាចមានលទ្ធភាពគ្រប់គ្រាន់សំរាប់បំពេញការងារសេនាធិការ ការងារគ្រប់គ្រង ចេញបញ្ជា និងហ្វឹកហាត់ក្រុមព័ត៌មាន ហើយនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបណ្តាសំភារៈព័ត៌មានដែលស្ថិតក្នុងក្របខ័ណ្ឌបំពាក់របស់កងទ័ពប្រជាជនឡាវនិងកងទ័ពយោធពលខេមរៈភូមិន្ទកម្ពុជា ថែមទាំងមានលទ្ធភាពសិក្សាដោយម្នាក់ឯងដើម្បីលើកកម្ពស់ចំណេះដឹងរបស់ខ្លួនសំរាប់ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍន៍របស់សង្គ្រាមសម័យទំនើប៕