Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការដោយសម្តេច ហ៊ុន សែន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ស្ពានទាំងពីរនេះគឺជាស្ពានដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរវាងផ្លូវជាតិលេខ៥ និងលេខ៦ ក៏ដូចជាប្រជាពលរដ្ឋរស់នៅសងខាងនៃទន្លេសាប។

ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ក្រោមការអញ្ជើញចូលរួមរបស់សម្ដេច ហ៊ុន សែន។ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលសាងសង់ជាង ៦៨ខែ ដោយចំណាយថវិកាអស់ចំនួន ៣៥លានដុល្លារអាមេរិកដែលជាកញ្ចប់ថវិកា បានមកពីមូលនិធិតំបន់អភិវឌ្ឍន៍ជ្រោយចង្វារបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។

ដោយឡែកស្ពានអាកាសឫស្សីកែវវិញ មានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន។ ស្ពានអាកាសឫស្សីកែវ មានទទឹងទំហំ ១៥.៨ម៉ែត្រ បណ្តោយតួស្ពានប្រវែង ១៤៥ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៥៧ ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៨១ម៉ែត្រ សរុបមានប្រវែង ៤៨៣ម៉ែត្រ ហើយបានចំណាយថវិកាសាងសង់អស់ចំនួន ៩,៧១០,៤៧៤ដុល្លារអាមេរិក ជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍន៍កោះនរា របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង