ភ្នំពេញ៖ ផលិតផលជលផលកម្ពុជា១២ប្រភេទក្នុងនោះមានបង្គា អន្ទង់ស្រែ ខ្យង ត្រូវបានក្រសួងពាណិជ្ជកម្មចិន អគ្គនាយកដ្ឋានគយនៃប្រទេសចិន សម្រេច ចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធ ដើម្បីអនុញ្ញាតឱ្យនាំចូលទីផ្សារប្រទេសចិន។នេះជាដំណឹងល្អថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការជំរុញផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន អគ្គនាយកដ្ឋានគយចិន បានធ្វើបច្ចុប្បន្នភាព ព័ត៌មានការចុះឈ្មោះសហគ្រាសផលិតចំណីអាហារនាំចូលពីបរទេស ដោយអនុញ្ញាតឱ្យសហគ្រាសនាំចេញផលិតផលសត្វព្រៃក្នុងទឹកដំបូងបង្អស់របស់កម្ពុជា បានឆ្លងកាត់ការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានគយ និង បានចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធ។
រហូតមកដល់ពេលនេះ ផលិតផលជលផលធម្មជាតិកម្ពុជា បានបញ្ចប់នីតិវិធីចុងក្រោយនៃការនាំចេញទៅកាន់ប្រទេសចិន ដែលអាចសម្រេចបាននូវពាណិជ្ជកម្មក្នុងការនាំចេញទៅកាន់ប្រទេសចិន។ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ត្រូវបានអនុញ្ញាតឱ្យមានសកម្មភាពអាជីវកម្មចម្បងក្នុងការនាំចេញផលិតផលជលផលធម្មជាតិ ចំនួន ១២ ប្រភេទទៅកាន់ប្រទេសចិន រួមទាំង បង្គាធម្មជាតិ ត្រីធម្មជាតិ អន្ទង់ស្រែ ខ្យងស្រែជាដើម៕