Cctimesw1140xh150cm copy

ក្រុមហ៊ុនកម្ពុជា និង សិង្ហបុរី ចាប់ដៃគ្នាបង្កើត«មជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះ»លើកដំបូងនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន SIA Engineering Company Limited (“SIAEC”) និងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (“CAIC”) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាលើសេវាកម្មថែទាំ និងជួសជុលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ជាមួយលោក Ng Chin Hwee នាយកប្រតិបតត្តិក្រុមហ៊ុនSIAEC នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនេះ លោក Ng Chin Hwee បានមានប្រសាសន៍ថា លោកមានចំណាប់អារម្មណ៍មកដាក់វិនិយោគទុននៅកម្ពុជា ព្រោះប្រទេសកម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍន៍ឆាប់រហ័សនៅក្នុងរយៈពេលចុងក្រោយនេះ ម្យ៉ាងវិញទៀតប្រទេសកម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយខាងSIAចង់បញ្ចូលប្រទេសកម្ពុជានៅក្នុងបណ្ដាញរបស់ខ្លួនផងដែរ។

លោកសុំមិនបញ្ចេញចំនួនថវិកាដែលចំណាយសម្រាប់គម្រោងនេះ ប៉ុន្តែលោកអាចនិយាយអំពីបច្ចេកទេសបានដោយខាងក្រុមហ៊ុននឹងនាំបច្ចេកទេសដែលធ្លាប់បានធ្វើនៅអាកាសយានដ្ឋាន Changi មកប្រទេសកម្ពុជា ដោយនឹងមានការជ្រើសរើសបុគ្គលិក ឬវិស្វករជំនាញទាំងឡាយ ហើយនឹងធ្វើការបណ្ដុះបណ្ដាលពួកគេដើម្បីឱ្យមានឱកាសអាចផ្ដល់សេវាកម្មមួយដែលមានលក្ខណៈស្ដង់ដារអន្តរជាតិដូចអាកាសយានដ្ឋានChangiល និងនៅប្រទេសផ្សេងៗផងដែរ។

លោកបញ្ជាក់ថា បច្ចេកទេសមិនមែនត្រឹមតែបច្ចេកទេសដែលធ្វើដោយដៃទេ ប៉ុន្តែសង្គមសព្វថ្ងៃនេះគឺប្រើប្រាស់បច្ចេកវិទ្យាដែលផ្ដោតលើបច្ចេកវិទ្យាឌីជីថលផងដែរ ហើយសម្រាប់ក្រុមហ៊ុនគឺជាក្រុមហ៊ុនមួយស្ថិតក្នុងលំដាប់ថ្នាក់អន្តរជាតិដែលផ្តល់សេវាផ្នែកថែទាំទាំងយន្តហោះ ទាំងអាកាសយានដ្ឋានទាំងមូលដែរ។ ខាងSIAបានផ្តល់សេវាកម្មថែទាំនេះនៅប្រទេសឥណ្ឌូនេស៊ីស្ទើរតែគ្រប់អាកាសយានដ្ឋានទាំងអស់ ហ្វីលីពីន វៀតណាម ហុងកុង និងមួយប៉ែកទៀតគឺនៅប្រទេសជប៉ុនទាំងឆ្នេរខាងកើត និងខាងលិច។

ក្រុមហ៊ុនសង្ឃឹមជឿជាក់ថា ការបង្កើតសេវាកម្មជួសជុលយន្តហោះនៅព្រលាយន្តហោះអន្តរជាតិតេជោនេះសំខាន់គឺការផ្ដល់សេវាកម្មជួសជុលយន្តហោះចាប់ពីធន់ស្រាលទៅ ហើយបន្ទាប់មកទៀតនៅក្នុងក្រុមហ៊ុនSIAECនេះនឹងនាំមកនូវបច្ចេកវិទ្យា និងធនធានពីប្រទេសសិង្ហបុរីមកចូលរួមអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាផ្តល់ឱ្យកម្ពុជានូវឱកាសបណ្ដុះបណ្ដាលធនធនាមនុស្សរបស់ខ្លួនលើផ្នែកជួសជុលយន្តហោះពីធន់ស្រាលទៅធន់ធ្ងន់ដែលមិនធ្លាប់មាននៅក្នុងប្រវិត្តសាស្រ្តរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ឧកញ៉ា ឆាល វ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport Investment បានមានប្រសាសន៍ថា សេវាកម្មជួសជុលយន្តហោះនេះអាចនឹងដំណើរការស្របពេលដែលព្រលានយន្តហោះអន្តរជាតិតេជោបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២៥ ដោយចាប់អនុវត្តពីប្រភេទយន្តហោះធន់ស្រាលឡើងទៅ។ បច្ចុប្បន្ននេះ អាកាសយានដ្ឋាននេះសម្រេចការសាងសង់បានជាង៥០ភាគរយ ហើយបច្ចុប្បន្នកំពុងពង្រឹងការសាងសង់បន្ថែមដោយធ្វើយ៉ាងណាឱ្យដំណើរការបាននៅដើមឆ្នាំ២០២៥៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង