ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
បើតាមសេចក្ដីប្រកាស ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងបង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនាឱកាសចុះហត្ថលេខារវាងឯកឧត្តម ប៉ាន សូរស័ក្តិ ជាមួយ ឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានចុះហត្ថលេខារួមគ្នា លើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស នៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។
គួរបញ្ជាក់ថា ផ្អែកទិន្នន័យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានាពេលកន្លងមក ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ៩៧៧.៤៣ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ២៤.៤២% បើធៀបនឹងឆ្នាំ២០២១៕