បាត់ដំបង÷ ប្រជាពលរដ្ឋកសិករបានប្រទះឃើញសត្វទន្សោងចំនួន ២ហ្វូង មានចំនួនជាង ៣០ក្បាលបានដើរឆ្លងកាត់ដីចម្ការ និងព្រៃរបោះស្វែងរកចំណីអាហារ នៅក្នុងភូមិអូរទ្រូងអណ្តើក ឃុំឈ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋកសិករតែងតែបានឃើញសត្វទន្សោងចំនួន ២ហ្វូង ដោយក្នុងមួយហ្វូងៗមានសត្វទន្សោងប្រមាណជា ១២ក្បាល ចំណែកមួយហ្វូងទៀតមានចំនួនចន្លោះពី ១៥ ទៅ២០ក្បាល ដែលស្ថិតនៅចម្ការជិតភូមិអូរទ្រូងអណ្តើក ឃុំឈ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រទះឃើញហ្វូងសត្វទន្សោងជាលើកដំបូងនូវក្នុងភូមិសាស្រ្ត ដែលការប្រទះឃើញនេះគឺចាប់តាំងពីដើមខែឧសភា មកទល់បច្ចុប្បន្ន។
មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង បានបន្ថែមថា ហ្វូងសត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនេះហាក់មិនសូវខ្លាចរអាអ្នកស្រុកឡើយ ជាក់ស្តែងកាលពីថ្ងៃទី៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ បងប្អូនកសិករតែងតែបានឃើញសត្វទន្សោងចំនួន ២ហ្វូង ដោយក្នុងមួយហ្វូងៗមានសត្វទន្សោងប្រមាណជា ១២ក្បាល ចំណែកមួយហ្វូងទៀតមានចំនួនចន្លោះពី ១៥ ទៅ២០ក្បាលផងដែ៕