Cctimesw1140xh150cm copy

WWF ស្រាវជ្រាវពីស្ថានភាពសត្វរំពេរទន្លេចំនួន ៧១ ក្បាល ក្នុងតំបន់មេគង្គ ២ឆ្នាំ ចុងក្រោយនេះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ WWF-Cambodia

ភ្នំពេញ៖ ស្ថានភាពសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់សត្វនេះសរុបចំនួន ៧១ ក្បាល ព្រមទាំងកូនសត្វរំពេរទន្លេដែលទើបនឹងញាស់មានសុខភាពល្អចំនួន ៣ក្បាលទៀតក្នុងឆ្នាំ២០២៣នេះ។

នេះបើយោងតាមសេចក្តីប្រកាសនៃអង្គការ WWF កាលពីដើមសប្តាហ៍នេះស្តីពីការគ្រប់គ្រងសំបុក និងរាប់ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ ដែលដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF នៅចន្លោះខែកុម្ភៈដល់ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋានក្នុងសកម្មភាពការងារផងដែរ។

អង្គការ WWF ក៌បានបន្ថែមដែរថា ចំនួនសត្វរំពេរទន្លេក្នុងឆ្នាំ២០២៣នេះ ជាចំនួនកើនឡើង ដល់ទៅប្រមាណជិត ១៣០ ភាគរយ បើប្រៀបធៀបជាមួយនឹងលទ្ធផលតាមដានចំនួនសត្វនេះទទួលបានកាលពី ៧ឆ្នាំមុន ពោលគឺពីចំនួនត្រឹមតែ ៣១ក្បាល ក្នុងឆ្នាំ ២០១៦ កើនដល់ ចំនួន ៧១ក្បាល ក្នុងឆ្នាំ ២០២៣នេះ។ បច្ចុប្បន្នសត្វរំពេរទន្លេព្រមទាំងកូនទាំងមេកំពុងរស់នៅ ក្នុងសំបុកសរុបចំនួន ៣១សំបុក ដែលស្ថិតក្រោមការការពារដោយសហគមន៍មូលដ្ឋានដែលរស់នៅជាប់នឹងតំបន់ទីជម្រកតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN សត្វរំពេរទន្លេជាបក្សីដ៏កម្រមួយប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វនេះបានថយចុះយ៉ាងខ្លាំង រហូតដល់ទៅជាង ៨០ភាគរយ ក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយ ដោយមូលហេតុចំបងៗនៃការធ្លាក់ចុះ ភាគច្រើនបណ្តាលមកពីសកម្មភាពរបស់មនុស្ស។ លទ្ធផលនៃការតាមដានសត្វរំពេរទន្លេនាពេលនេះជាភស្តុតាងមួយដែលបង្ហាញថា ចំនួនសត្វនេះបានចាប់ផ្តើមកើនឡើងវិញបន្តិចហើយ ដែលជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្សប្រភេទសត្វដ៏កម្រនេះនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

អង្គការ WWF ក៌បានគុណដល់ប្រជាជនក្នុងមូលដ្ឋាននៃតំបន់ទីជម្រកសត្វរំពេរទន្លេរស់នៅសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិរក្សតាមរយៈកម្មវិធីការពារសំបុកសត្វស្លាប ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការWWF ក្រោមការឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលនៃប្រទេសប៊ែលហ្សិក (DGD) WWF-ប៊ែលហ្សិក និងកម្មវិធី CRxN ក្រោមកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលអូស្ត្រាលី & WWF-អូស្ត្រាលី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង