Yearendyearend1140x150

រោងចក្រផលិត"សំបកកង់"រថយន្តតម្លៃ៣០០លានដុល្លារបានបើកសម្ពោធជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ រោងចក្រផលិតសំបកកង់រថយន្តដែលជាការវិនិយោគរបស់ក្រុមហ៊ុន General Tire Technology (Cambodia) ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេច ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

រោងចក្រផលិតសំបកកង់រថយន្ត នេះ ជាការវិនិយោគរបស់ក្រុមហ៊ុន ក្រុមហ៊ុន General Tire Technology (Cambodia) ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៃប្រទេសចិន។

ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។

រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។

នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាចផលិតសំបកកង់ជិត១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ កម្ពុជាសង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុនផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង