Cc time web banner 054637

លោក សួនម៉ៃ សុផានិត ដាក់ពុម្ពអក្សរខ្មែរលើ Google Font ដើម្បីឲ្យការប្រើពុម្ពអក្សរខ្មែរទូលំទូលាយ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោក សួនម៉ៃ សុផានិត បានដាក់ពុម្ពអក្សខ្មែរ ដែលលោកបានរចនាដំបូងនៅក្នុងឆ្នាំ២០១៥ នៅលើ Google Font។ ពុម្ពអក្សរខ្មែរដែលលោកបានដាក់ឲ្យប្រើប្រាស់ជាអន្ដរជាតិ មានឈ្មោះថា «កូនខ្មែរស្លឹកឈើ»។ ការសម្រេចចិត្តដាក់ពុម្ពអក្សរខ្មែរឲ្យប្រើប្រាស់ជាអន្ដរជាតិ បែបនេះ ដើម្បីការប្រើប្រាស់ពុម្ពអក្សរខ្មែរមានភាពទូលំទូលាយ និងការរចនាផ្សេងមានភាពច្នៃប្រឌិត និងសម្បូរបែប។

លោក សួនម៉ៃ សុផានិត បានប្រាប់ស៊ីស៊ីថាមស៍ថា លោកបានចាប់ផ្ដើមធ្វើពុម្ពអក្សរអំឡុងពេលសិក្សានៅសកលវិទ្យាល័យ។ ការសម្រេចចិត្តធ្វើពុម្ពអក្សរ ដោយសារពុម្ពអក្សរខ្មែរកាលពីមុន មិនទាន់មានភាពសម្បូរបែប និងនៅមានកម្រិត។ ដូច្នេះទើបលោករចនាពុម្ពអក្សរមួយដែលមានភាពសិល្បៈ និងមានភាពច្នៃប្រឌិត ឲ្យកាន់តែមានភាពសម្បូរបែប។

ចាប់ផ្ដើមដំបូងមានពុម្ពអក្សរច្រើន ដែលលោកបានរចនាឡើង ប៉ុន្ដែវាជាការធ្វើសាកល្បង និងមិនមានភាពល្អប្រសើរនោះទេ។ ដូច្នេះលោកក៏ចាប់ផ្ដើមធ្វើវាម្ដងទៀតនៅក្នុងឆ្នាំ២០១៥ ដែលពុម្ពនោះមានឈ្មោះថា«កូនខ្មែរស្លឹកឈើ»។ នៅក្នុងចុងឆ្នាំ២០២២ លោកក៏បានដាក់ពុម្ពអក្សរខ្មែរ «កូនខ្មែរស្លឹកឈើ» ឲ្យប្រើប្រាស់ជាអន្ដរជាតិ។

លោក សុផានិត បានបន្ដថា ការដាក់ពុម្ពអក្សរនៅលើ Google Font អាចប្រើប្រាស់បានទូលំទូលាយ មិនថានៅប្រទេសកម្ពុជា ឬនៅបរទេស នោះទេ អាចប្រើប្រាស់បានទាំងអស់។ ហើយវាជាកន្លែងមួយងាយស្រួលក្នុងការស្វែងរកពុម្ពអក្សរ ជាពិសេសនោះ គឺអ្នកប្រើប្រាស់ អាចប្រើប្រាស់បានដោយឥតគិតថ្លៃ។ ការដាក់ពុម្ពអក្សរនៅលើ Google Font លោកមិនទទួលបានប្រយោជន៍អ្វីឡើយ ប៉ុន្ដែវាជាការរួមចំណែកមួយ នៅក្នុងការដាក់ឲ្យប្រើប្រាស់ពុម្ពអក្សរខ្មែរឲ្យបានច្រើន ហើយអក្សរនោះមានភាពច្នៃប្រឌិតសម្បូរបែប និងបើកឱកាសឲ្យអ្នកដែលរៀនរចនា ប្រើប្រាស់ដោយឥតគិតថ្លៃ។

លោក សុផានិត បានឲ្យដឹងទៀតថា នៅពេលលោកដាក់ពុម្ពអក្សរនៅលើ Google Font បានជោគជ័យ លោកនឹងបន្ដដាក់ពុម្ពអក្សរដែលលោកបានបង្កើត និងពុម្ពអក្សរផ្សេងទៀត ដែលលោកកំពុងរៀបចំ ជាបន្ដបន្ទាប់ទៀត។

ការដាក់ពុម្ពអក្សរនៅលើ Google Font ត្រូវការចំណាយពេលច្រើន ហើយការដាក់ពុម្ពអក្សរមានច្រើនដំណាក់កាល ហើយមានការទាមទារច្រើន ពីក្រុមហ៊ុន Google។ ពុម្ភអក្សរត្រូវតែមានភាពច្បាស់លាស់ ជាពិសេសនោះគឺត្រូវយល់ដឹងពីការរៀបចំកូតនៅក្នុងការដាក់សំណើរទៅ និងការយល់ដឹងអំពីការប្រើប្រាស់វេបសាយ។ នៅពេលដែលបានដាក់ស្នើ និង ក្រុមហ៊ុនទទួលបានហើយ ត្រូវរងចាំរយៈពេល ៣ខែ បន្ទាប់ទៀត ក្នុងការរងចាំដំណើរការធ្វើយ៉ាងណាដើម្បីឲ្យការដាក់ពុម្ពអក្សរបានជោគជ័យ។

គួរបញ្ជាក់ថា មកដល់ពេលនេះលោកសួនម៉ៃ សុផានិត បានបង្កើតពុម្ពអក្សរខ្មែរបានចំនួនប្រមាណជាជាង៣០ពុម្ពអក្សរ ហើយលោកក៏កំពុងតែរចនានូវពុម្ពអក្សរខ្មែរបន្ថែមទៀត ផងដែរ។ ពុម្ពអក្សរទាំងអស់ដែលលោកបានបង្កើត លោកមានបំណងដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីឲ្យសិស្ស-និស្សិត ប្រើប្រាស់នៅក្នុងការសិក្សា ឬរចនាផ្សេងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង