
ភ្នំពេញ៖ សរុបរយៈពេល ៤ខែឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារកម្ពុជាប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦ ៤៤២,៥៤ ប៊ីលានរៀល (ប្រមាណជា ១ ៥៩០,៧៥ លានដុល្លារ) ស្មើនឹង ៤៤,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
បើតាមរបាយការណ៍ ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថាក្នុងខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤,៥៩ប៊ីលានរៀល (ប្រមាណជា ២៤៣,១១លានដុល្លារ) ស្មើនឹង ៦,៨១%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល៤ខែឆ្នាំ២០២៣ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយដែលជារដូវកាលនៃការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២។
ទោះជាយ៉ាងណា ឯកឧត្តមបន្តថា ការងារប្រមូលចំណូលពន្ធមានការថមថយក្នុងរយៈពេល៤ខែឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយកន្លងមកមានសហគ្រាសខ្លះបាននិងបន្តយកលេសនៃស្ថានភាពមិនប្រាកដប្រជានិងការប្រែប្រួលបរិបថសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេលឬគេចវេះពីការបង់បំណុលពន្ធ ហើយទន្ទឹមនឹងនេះសហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យបង់ជាដំណាក់កាល ក៏មានការយឺតយ៉ាវក្នុងការបង់បំណុលពន្ធ និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាមកាលកំណតើផងដែរ៕