ភ្នំពេញ៖ កីឡាករបាល់ទាត់ថៃ Jonathan Khemdee កាលពីថ្ងៃទី ១៧ ឧសភា ឆ្នាំ២០២៣ បានធ្វើការបង្ហោះសារក្នុងគណនី Instagram របស់ខ្លួនភ្ជាប់ជាមួយនឹងរូបភាពថា ការគប់មេដាយ និងតុក្កតា គឺគប់សម្រាប់អ្នកគាំទ្ររបស់ខ្លួន ដោយមិនមានចេតនាក្នុងការមិនផ្តល់តម្លៃឱ្យដៃគូប្រកួត ឬ នរណាផ្សេងទេ។
កាលពីថ្ងៃទី ១៦ ឧសភា ២០២៣ កន្លងទៅនេះ ជាថ្ងៃប្រកួតចុងក្រោយនៃកីឡាស៊ីហ្គេមដែលមានហេតុការណ៍កើតឡើងដោយមានជាការវាយប្រតប់គ្នានៅក្នុងទីលានប្រកួតបាល់ទាត់។ ក្រោយចប់ការប្រកួត និងការប្រគល់ជ័យលាភី កីឡាករ Jonathan Khemdee បានយកតុក្កតា និងមេដាយគប់ទៅកន្លែងដែលមានអ្នកគាំទ្រអង្គុយនៅទីនោះ។
ក្រោយមានទង្វើគប់បែបនេះ ធ្វើឱ្យមានមហាជនជាច្រើនមានការមិនពេញចិត្ត ជាមួយនឹងអាកប្បកិរិយាបែបនេះដោយបានបញ្ចេញមតិជាច្រើននៅក្នុងបណ្តាញសង្គមទៅលើកីឡាកររូបនេះ។
មិនបានរយៈពេលប៉ុន្មាន កីឡាកររូបនេះក៏បានបង្ហោះសារនៅក្នុងគណនី Instagram របស់ខ្លួនថា ខ្លួនពិតជាមិនមានចេតនាក្នុងការមិនគោរពដៃគូប្រកួត ឬអ្វីនោះទេ តែគ្រាន់តែជាការសម្តែងថ្លែងអំណរគុណចំពោះអ្នកគាំទ្រដែលតែងតែគាំទ្រជារៀងរាល់លើកនៅពេលប្រកួត៕