ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវដល់ម្ចាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសង្គម ឱ្យចៀសវាងការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិតលើប្រធានបទមន្ត្រីឥណទាន ឬ co(Credit Officer) និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្ទុះបង្អាប់ដល់វិស័យមួយនេះ។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្រោយមានការចែករំលែកបន្តគ្នាចំពោះវីដេអូកំប្លែងទាំងនេះដែលធ្វើឱ្យមានការយល់ច្រលំជារឿងពិត ហើយប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជនលើវិស័យធនាគារ និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្ដីប្រកាសរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
បើតាមសេចក្ដីប្រកាស សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយដោយយកប្រធានបទមន្ត្រីឥណទាន ឬ co(Credit Officer) និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្ទុះបង្អាប់ ប្រាសចាកពីការពិត នៅតាមបណ្តាញផ្សព្វផ្សាយមួយចំនួន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ការសម្តែងទាំងនោះត្រូវបានយកទៅកាត់តខ្លីៗនិងចែករំលែកបន្តគ្នាដែលធ្វើឱ្យមានការយល់ច្រលំថាជារឿងពិត។ ការសម្តែងមួយចំនួន គឺប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ សមាគម ក៏បានសម្តែងការសោកស្តាយ និងមានការព្រួយបារម្ភចំពោះការផ្សព្វផ្សាយប្រាសចាកពីការពិតទាំងនោះ។
សមាគមបានបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាចខ្វះបានសម្រាប់ប្រជាជនកម្ពុជា។ ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យ ហួសពីការពិតនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ដសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋងាកទៅបើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជន។
អាស្រ័យដូចនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវដល់ម្ចាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាងការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិត ដែលអាចបង្កជារូបភាពអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុ។ សមាគមបន្តថា ខ្លួនពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់បណ្តាញសង្គមនឹងចូលរួមជាមួយសមាគមក្នុងការពង្រឹងវិស័យដ៏សំខាន់មួយនេះ៕