កម្ពុជា៖ ពងខ្សឹបចំនួនពីរគ្រាប់ កាលពីពេលថ្មីៗនេះ ត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ ពងខ្សឹបដែលបានប្រមូលមកត្រូវបានបញ្ជូនទៅកាន់កន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ជាកន្លែងដែលពងទាំងនេះត្រូវបានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ។ ពងខ្សឹបទាំងពីរគ្រាប់នេះបានញាស់ក្នុងសប្តាហ៍ទីមួយនៃខែឧសភា ហើយកូនខ្សឹបទាំងពីរក្បាលត្រូវបានចិញ្ចឹមបញ្ចុកចំណីដោយអ្នកថែទាំសត្វដ៏មានបទពិសោធន៍របស់ ACCB។
កូនខ្សឹបទាំងពីរក្បាល ត្រូវបានភ្ញាស់តាមបែបសិប្បនិម្មិត និងត្រូវបានចិញ្ចឹមបញ្ចុកចំណីដោយអ្នកថែទាំសត្វរបស់ ACCB។ ពួកវានឹងត្រូវបានដាក់បញ្ចូលទៅក្នុងចំនួនរបាយប្រជាសាស្រ្តសត្វខ្សឹបក្រៅជម្រកធម្មជាតិនៅ ACCB ដែលពួកវានឹងចូលរួមចំណែកដល់ការរស់រានមានជីវិតនៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។
គួរបញ្ជាក់ថា កម្មវិធីស្តុកទុកចំនួនរបាយប្រជាសាស្រ្តសត្វខ្សឹបដើម្បីការពារកុំឱ្យផុតពូជ ត្រូវបានបង្កើតឡើងនៅ ACCB ជាមួយនឹងសត្វខ្សឹបមួយក្បាលៗដែលបានសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ក៏ដូចជាការចិញ្ចឹមថែទាំសត្វខ្សឹបមួយក្បាលៗដែលបានមកពីពងខ្សឹបដែលត្រូវបានប្រមូលចេញពីជម្រកធម្មជាតិរបស់ពួកវាប្រកបដោយនិរន្តរភាព៕