Yearendyearend1140x150

កម្ពុជាទទួលបានទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ១៦០០០នាក់អំឡុងព្រឹត្តិការណ៍ស៊ីហ្គេម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី៥ខែឧសភា នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ អំឡុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១៦,០០០នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខកខានជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិសទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវស្មារតីកីឡាអូឡាំពិក។

ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹងពេលវេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺកូវីដ១៩។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ឯកឧត្ដម ថោង ខុន បានគូសរំលេចថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាពលេចធ្លោរជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះអគ្គិជ័យកីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូកីឡាជាដើម។

ឯកឧត្ដម ថោង ខុន បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំងចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការ ចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់តែច្រើនទៅកាន់ឆាកអន្តរជាតិ។

បើតាមឯកឧត្ដម ថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួល បានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់។ ក្នុងនាមជាអ្នកប្រតិបត្តិមួយរូបលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ឯកឧត្តមបានបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង