ភ្នំពេញ៖ លោក Tong Kawin Thamsatchanan ជាកីឡាករបាល់ទាត់ជម្រើសជាតិ និងជាបុគ្គលិកក្នុងវិស័យបាល់ទាត់ថៃ បានបង្ហោះសារមិនពេញចិត្តទៅកីឡាករថៃ និងក្រើនរម្លឹកក្រុមយុវជនជម្រើសជាតិថៃ ឲ្យចេះទប់កំហឹងខ្លួនឯងឲ្យមានភាពចាស់ទុំ មានលក្ខណៈសម្បត្តិកីឡាករបាល់ទាត់ជាមូលដ្ឋាន។ ក្រោយពីក្រុមបាល់ទាត់ថៃ បានចាញ់ក្រុមឥណ្ឌូនេស៊ី ក្នុង លទ្ធផល ៥-២ ក្នុងការប្រកួតកីឡាបាល់ទាត់បុរស នៅស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃ ទី ១៦ ខែ ឧសភា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលមានបញ្ហាជម្លោះ។
នេះបើយោងតាមសារបង្ហោះរបស់លោក Tong Kawin Thamsatchanan ជាកីឡាករបាល់ទាត់ជម្រើសជាតិ និងជាបុគ្គលិកម្នាក់ក្នុងវិស័យបាល់ទាត់ថៃបានបង្ហោះសារក្នុង Instagram kawiator ផ្ទាល់ខ្លួនរបស់លោកថា «ការគ្រប់គ្រងអារម្មណ៍ និងការបង្ហាញពីភាពចាស់ទុំ វាត្រូវបានគេចាត់ទុកថាជាគុណភាពជាមូលដ្ឋានដែលបុគ្គលិកបាល់ទាត់គួរតែមាន»។
លោក Kawin បានសង្កត់ធ្ងន់ថា ក្នុងនាមជាក្រុមជម្រើសជាតិថៃ ហើយក៏ជាតំណាងដ៏មានមោទនភាពរបស់ប្រជាជនថៃ ដែលពួកគេរង់ចាំកោតសរសើរ។ មិនត្រឹមតែក្នុងទំហំនៃការឈ្នះនិងការចាញ់ប៉ុណ្ណោះទេប៉ុន្តែវាក៏រួមបញ្ចូលទាំង ការធ្វើជាគំរូល្អផងដែរ។ ហើយអ្វីដែលកាន់តែធំនោះ គឺមានមនុស្សមកមើល នោះគឺគាត់គោរពយើង»។ លោកបានបន្ថែមថា « កីឡាបាល់ទាត់គឺជាអាជីពដ៏ថ្លៃថ្នូ ហើយក៏ជាអាជីពមួយដែលត្រូវបានគេចាត់ទុកជាគំរូដល់យុវជនជំនាន់ក្រោយផងដែរ»។
គួរបញ្ជាក់ថា ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិថៃ បានចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-៥ ក្នុងការប្រកួតកីឡាបាល់ទាត់បុរស នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើក ទី៣២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៦ ខែ ឧសភា កន្លងទៅនេះ ក្នុងពេលប្រកួតបានកើតមានបញ្ហាជម្លោះនៅក្នុងអំឡុងពេលប្រកួតរវាងក្រុមទាំង២ ថៃ និងឥណ្ដូនេស៊ី៕